10. ឥឡូវនេះ ចូរទុកឲ្យយើងលុបបំបាត់ប្រជាជននេះ ឲ្យវិនាសសាបសូន្យ តាមកំហឹងរបស់យើង រួចយើងឲ្យប្រជាជាតិដ៏ធំកើតចេញពីអ្នក»។
11. ប៉ុន្តែ លោកម៉ូសេទូលអង្វរ សូមការប្រោសប្រណីពីព្រះអម្ចាស់ ជាព្រះរបស់លោក ដោយមានប្រសាសន៍ថា៖ «បពិត្រព្រះអម្ចាស់ ហេតុអ្វីបានជាព្រះអង្គទ្រង់ព្រះពិរោធនឹងប្រជារាស្ត្រ ដែលព្រះអង្គបាននាំចេញពីស្រុកអេស៊ីប ដោយឫទ្ធានុភាព និងព្រះបារមីដ៏ខ្លាំងពូកែដូច្នេះ? ដ្បិតពួកគេជាប្រជារាស្ត្ររបស់ព្រះអង្គ។
12. សូមកុំឲ្យជនជាតិអេស៊ីបពោលថា “ព្រះអង្គបាននាំជនជាតិអ៊ីស្រាអែលចេញទៅ ដោយបំណងអាក្រក់ ដើម្បីសម្លាប់ពួកគេនៅតាមភ្នំ ព្រមទាំងលុបបំបាត់ពួកគេឲ្យអស់ពីផែនដី”។ សូមព្រះអង្គឈប់ខ្ញាល់ ហើយដូរព្រះហឫទ័យ ឈប់ធ្វើទោសប្រជារាស្ត្ររបស់ព្រះអង្គទៅ។
13. សូមនឹកដល់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាអ្នកបម្រើរបស់ព្រះអង្គផង ដ្បិតព្រះអង្គបានសន្យាជាមួយអស់លោកទាំងនោះយ៉ាងម៉ឺងម៉ាត់ថា “យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នករាល់គ្នា បានកើនចំនួនឡើងដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកដែលយើងបានសន្យានេះ ដល់ពូជពង្សរបស់អ្នក ហើយពួកគេនឹងទទួលស្រុកនោះជាមត៌ករហូតតទៅ”»។
14. ព្រះអម្ចាស់ក៏ដូរព្រះហឫទ័យលែងធ្វើទោសប្រជារាស្ត្ររបស់ព្រះអង្គ ដូចព្រះអង្គមានព្រះបន្ទូល។
15. លោកម៉ូសេក៏ចុះពីលើភ្នំមកវិញ ដោយកាន់បន្ទះថ្មទាំងពីរ ជាសន្ធិសញ្ញា ដែលមានចារអក្សរទាំងសងខាង។
16. បន្ទះថ្មនេះជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ គឺព្រះជាម្ចាស់បានចារអក្សរ ដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។
17. ពេលលោកយ៉ូស្វេឮសំឡេងប្រជាជនហ៊ោកញ្ជ្រៀវ លោកមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «មានឮសំឡេងប្រយុទ្ធគ្នានៅក្នុងជំរំ»។
18. លោកម៉ូសេឆ្លើយថា៖ «ទេ នេះមិនមែនជាសម្រែកជ័យជំនះ ឬសម្រែកបរាជ័យឡើយ តែខ្ញុំឮសូរសំឡេងចម្រៀង»។
19. លុះមកដល់ជិតជំរំ លោកម៉ូសេបានឃើញរូបកូនគោ និងឃើញប្រជាជនកំពុងតែលោតរាំលេង លោកក្រេវក្រោធយ៉ាងខ្លាំង លោកក៏បោកបន្ទះថ្មដែលលោកកាន់ ឲ្យបែកនៅជើងភ្នំទៅ។
20. លោកយករូបកូនគោ ដែលពួកគេបានធ្វើទៅដុត រួចលោកកម្ទេចឲ្យម៉ដ្ដដូចម្សៅ ហើយយកម្សៅនោះទៅដាក់ក្នុងទឹក ឲ្យជនជាតិអ៊ីស្រាអែលផឹក។