7. គឺធ្វើពន្លាជួបព្រះអម្ចាស់ ហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា គម្របហិប និងគ្រឿងបរិក្ខារទាំងអស់ សម្រាប់ប្រើប្រាស់នៅក្នុងពន្លា
8. តុ និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយតុ ជើងចង្កៀងធ្វើអំពីមាសសុទ្ធ និងគ្រឿងបរិក្ខារ សម្រាប់ប្រើប្រាស់ជាមួយជើងចង្កៀង អាសនៈដុតគ្រឿងក្រអូប
9. អាសនៈសម្រាប់ថ្វាយតង្វាយដុតទាំងមូល និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយអាសនៈ អាងទឹក និងកំណល់។
10. សម្លៀកបំពាក់សម្រាប់ពិធីបុណ្យ គឺសម្លៀកបំពាក់សក្ការៈរបស់បូជាចារ្យអើរ៉ុន និងសម្លៀកបំពាក់កូនប្រុសគាត់ សម្រាប់បំពេញមុខងារជាបូជាចារ្យ។
11. ប្រេងសម្រាប់ប្រើក្នុងពិធីលាបប្រេង និងគ្រឿងក្រអូបសម្រាប់ដុតនៅទីសក្ការៈ។ ពួកសិប្បករនឹងធ្វើការទាំងអស់ ដូចយើងបានបង្គាប់»។
12. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
13. «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ត្រូវគោរពថ្ងៃសប្ប័ទរបស់យើងឲ្យបានដិតដល់ ដ្បិតថ្ងៃសប្ប័ទជាទីសម្គាល់នៃទំនាក់ទំនងរវាងយើង នឹងអ្នករាល់គ្នា គ្រប់ជំនាន់តរៀងទៅ ព្រមទាំងរំឭកឲ្យដឹងថា យើងជាព្រះអម្ចាស់ ដែលបានញែកអ្នករាល់គ្នាជាប្រជារាស្ត្រដ៏វិសុទ្ធរបស់យើង។
14. ដូច្នេះ ចូរគោរពថ្ងៃសប្ប័ទ និងចាត់ទុកថ្ងៃនោះជាថ្ងៃដ៏សក្ការៈ។ អ្នកណាមិនគោរពថ្ងៃសប្ប័ទទុកជាសក្ការៈ អ្នកនោះនឹងត្រូវគេប្រហារជីវិត ហើយអស់អ្នកដែលធ្វើការងារនៅថ្ងៃនោះនឹងត្រូវដកចេញពីចំណោមប្រជាជន។
15. ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាអាចធ្វើការបាន ប៉ុន្តែ ថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទ គឺថ្ងៃសម្រាកដែលត្រូវញែកទុកជាថ្ងៃសក្ការៈ ថ្វាយព្រះអម្ចាស់។ អស់អ្នកដែលធ្វើការនៅថ្ងៃសប្ប័ទនឹងត្រូវគេប្រហារជីវិត។
16. ជនជាតិអ៊ីស្រាអែលត្រូវតែគោរពថ្ងៃសប្ប័ទ ពួកគេត្រូវចាត់ទុកថ្ងៃសប្ប័ទជាទីសម្គាល់នៃសម្ពន្ធមេត្រីជានិច្ចនិរន្តរ៍ គ្រប់ជំនាន់តរៀងទៅ។
17. ថ្ងៃសប្ប័ទជាទីសម្គាល់នៃទំនាក់ទំនងរវាងយើង នឹងប្រជាជនអ៊ីស្រាអែល ជានិច្ចនិរន្តរ៍ ដ្បិតយើងជាព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដីអស់រយៈពេលប្រាំមួយថ្ងៃ ហើយនៅថ្ងៃទីប្រាំពីរយើងឈប់ធ្វើការហើយសម្រាក»។
18. ពេលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅលើភ្នំស៊ីណៃចប់សព្វគ្រប់ហើយ ព្រះអង្គបានប្រគល់បន្ទះថ្មទាំងពីរ ជាសន្ធិសញ្ញា គឺបន្ទះថ្មដែលព្រះអង្គបានសរសេរដោយព្រះអង្គុលីរបស់ព្រះអង្គផ្ទាល់ មកលោកម៉ូសេ។