និក្ខមនំ 31:1-11 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2. «យើង​បាន​ជ្រើស‌រើស​បេតសា‌លាល ជា​កូន​របស់​យូរី និង​ជា​ចៅ​របស់​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា។

3. យើង​បាន​ធ្វើ​ឲ្យ​គាត់​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​របស់​យើង ដើម្បី​ឲ្យ​គាត់​មាន​ប្រាជ្ញា​ឆ្លាត​វាង‌វៃ ចេះ​ធ្វើ​គ្រប់​កិច្ចការ

4. គឺ​គាត់​ចេះ​លើក​គម្រោង ហើយ​ជា​ជាង​មាស ជាង​ប្រាក់ និង​ជាង​លង្ហិន

5. ចេះ​ឆ្នៃ និង​ដាំ​ត្បូង ចេះ​ឆ្លាក់​ឈើ។ សរុប​មក គាត់​ចេះ​ធ្វើ​ការ‌ងារ​គ្រប់​មុខ។

6. យើង​ក៏​បាន​តែង‌តាំង​អូហូ‌លីអាប់ ជា​កូន​របស់​អហ៊ី‌សាម៉ាក ពី​កុល‌សម្ព័ន្ធ​ដាន់​ឲ្យ​ជួយ​គាត់​ដែរ។ យើង​ឲ្យ​សិប្បករ​ឯ​ទៀតៗ​មាន​ប្រាជ្ញា ដើម្បី​បំពេញ​ការ‌ងារ​ទាំង​អស់​ដែល​យើង​បាន​បង្គាប់​ឲ្យ​អ្នក​ធ្វើ

7. គឺ​ធ្វើ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា គម្រប​ហិប និង​គ្រឿង​បរិក្ខារ​ទាំង​អស់ សម្រាប់​ប្រើ‌ប្រាស់​នៅ​ក្នុង​ពន្លា

8. តុ និង​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​តុ ជើង​ចង្កៀង​ធ្វើ​អំពី​មាស​សុទ្ធ និង​គ្រឿង​បរិក្ខារ សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​ជើង​ចង្កៀង អាសនៈ​ដុត​គ្រឿង​ក្រអូប

9. អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​អាសនៈ អាង​ទឹក និង​កំណល់។

10. សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ គឺ​សម្លៀក‌បំពាក់​សក្ការៈ​របស់​បូជា‌ចារ្យ​អើរ៉ុន និង​សម្លៀក‌បំពាក់​កូន​ប្រុស​គាត់ សម្រាប់​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ។

11. ប្រេង​សម្រាប់​ប្រើ​ក្នុង​ពិធី​លាប​ប្រេង និង​គ្រឿង​ក្រអូប​សម្រាប់​ដុត​នៅ​ទី‌សក្ការៈ។ ពួក​សិប្បករ​នឹង​ធ្វើ​ការ​ទាំង​អស់ ដូច​យើង​បាន​បង្គាប់»។

និក្ខមនំ 31