និក្ខមនំ 30:22-36 Khmer Standard Version (KHSV)

22. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

23. «ចូរ​យក​គ្រឿង​ក្រអូប​ដែល​មាន​គុណ‌ភាព​ល្អ​បំផុត គឺ​ជ័រ​ល្វីង‌ទេស​ទម្ងន់​ដប់‌ពីរ​នាល ប្រេង​ទេព្វិរូ​ប្រាំ​មួយ​នាល ប្រេង​សម្បុរ​ល្វែង​ប្រាំ​មួយ​នាល

24. កំញាន​ដប់‌ពីរ​នាល គិត​តាម​ទម្ងន់​ដែល​ប្រើ​នៅ​ក្នុង​ទី‌សក្ការៈ ព្រម​ទាំង​ប្រេង​អូលីវ​ប្រាំ​មួយ​លីត្រ​ទៀត​ផង។

25. ត្រូវ​ផ្សំ​គ្រឿង​ទាំង​នោះ​ធ្វើ​ជា​ប្រេង​ក្រអូប តាម​វិធី​ចំរាញ់​ប្រេង​របស់​អ្នក​ធ្វើ​ទឹក​អប់ ដើម្បី​ប្រើ​សម្រាប់​ធ្វើ​ពិធី​លាប​ប្រេង​សក្ការៈ។

26. ត្រូវ​ប្រើ​ប្រេង​នោះ​សម្រាប់​លាប​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា

27. តុ និង​គ្រឿង​បរិក្ខារ​ដែល​ប្រើ‌ប្រាស់​ជា​មួយ​តុ ជើង​ចង្កៀង និង​គ្រឿង​បរិក្ខារ​ដែល​ប្រើ​ជា​មួយ​ចង្កៀង​អាសនៈ​ដុត​គ្រឿង​ក្រអូប

28. អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​អាសនៈ ព្រម​ទាំង​អាង​ទឹក និង​កំណល់។

29. ពេល​អ្នក​លាប​ប្រេង​ញែក​វត្ថុ​ទាំង​នោះ​ជា​សក្ការៈ វត្ថុ​ទាំង​នោះ​នឹង​បាន​ទៅ​ជា​វិសុទ្ធ*​បំផុត ហើយ​អ្វីៗ​ដែល​មក​ប៉ះ​នឹង​វត្ថុ​ទាំង​នោះ ក៏​នឹង​ទៅ​ជា​វិសុទ្ធ​ដែរ។

30. ចូរ​យក​ប្រេង​នេះ​លាប​លើ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ញែក​ពួក​គេ​ឲ្យ​បាន​វិសុទ្ធ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ*​បម្រើ​យើង។

31. ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា នេះ​ជា​ប្រេង​សម្រាប់​ប្រើ​ក្នុង​ពិធី​លាប​ប្រេង​ដ៏​សក្ការៈ គ្រប់​ជំនាន់​ត​រៀង​ទៅ។

32. មិន​ត្រូវ​ប្រើ​ប្រេង​នេះ​សម្រាប់​លាប​តែង​ខ្លួន​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​គ្រឿង​ផ្សំ​នេះ​ទៅ​ធ្វើ​ប្រេង​ដូច​ប្រេង​នេះ​ដែរ ដ្បិត​ប្រេង​នេះ​ជា​ប្រេង​សក្ការៈ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​តែ​ទុក​ឲ្យ​នៅ​ជា​សក្ការៈ​រហូត។

33. អ្នក​ណា​ផ្សំ​ប្រេង​ដូច​ប្រេង​សក្ការៈ ឬ​យក​ប្រេង​នេះ​ទៅ​លាប​លើ​មនុស្ស​សាមញ្ញ​ធម្មតា ត្រូវ​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជា‌ជន»។

34. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​យក​គ្រឿង​ក្រអូប​ដូច​ជា​ស្លឹក​ពុំ​សែន ខ្លឹមចន្ទន៍ កំបូរ និង​កំញាន​សុទ្ធ ទម្ងន់​ស្មើៗ​គ្នា

35. មក​ផ្សំ​ធ្វើ​គ្រឿង​ក្រអូប តាម​វិធី​ផ្សំ​របស់​អ្នក​ធ្វើ​គ្រឿង​ក្រអូប។ ត្រូវ​ដាក់​អំបិល​លាយ​ជា​មួយ​ផង ដើម្បី​ឲ្យ​គ្រឿង​ក្រអូប​នោះ​ទៅ​ជា​បរិសុទ្ធ និង​សក្ការៈ។

36. ត្រូវ​យក​គ្រឿង​ក្រអូប​មួយ​ចំណែក​ទៅ​កិន​ឲ្យ​ម៉ដ្ដ ដើម្បី​ដាក់​ពី​មុខ​ហិប​ដែល​មាន​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ជា​កន្លែង​ដែល​យើង​មក​ជួប​ជា​មួយ​អ្នក។ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ម្សៅ​នេះ​ជា​ម្សៅ​សក្ការៈ​បំផុត។

និក្ខមនំ 30