19. អើរ៉ុន និងកូនប្រុសរបស់គាត់ ត្រូវយកទឹកពីក្នុងអាងនោះ សម្រាប់ធ្វើពិធីលាងដៃ និងលាងជើង។
20. មុននឹងចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ពួកគេត្រូវយកទឹកនោះមកធ្វើពិធីជម្រះកាយជាមុនសិន ដើម្បីកុំឲ្យពួកគេត្រូវស្លាប់។ ពេលចូលទៅកាន់អាសនៈ ដើម្បីថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ក៏ពួកគេត្រូវធ្វើពិធីជម្រះកាយដែរ។
21. ពួកគេត្រូវតែធ្វើពិធីលាងដៃ និងលាងជើង ដើម្បីកុំឲ្យស្លាប់។ នេះជាច្បាប់ដែលអើរ៉ុន និងពូជពង្សរបស់គាត់ត្រូវអនុវត្តតាមរហូតតទៅ»។
22. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
23. «ចូរយកគ្រឿងក្រអូបដែលមានគុណភាពល្អបំផុត គឺជ័រល្វីងទេសទម្ងន់ដប់ពីរនាល ប្រេងទេព្វិរូប្រាំមួយនាល ប្រេងសម្បុរល្វែងប្រាំមួយនាល
24. កំញានដប់ពីរនាល គិតតាមទម្ងន់ដែលប្រើនៅក្នុងទីសក្ការៈ ព្រមទាំងប្រេងអូលីវប្រាំមួយលីត្រទៀតផង។
25. ត្រូវផ្សំគ្រឿងទាំងនោះធ្វើជាប្រេងក្រអូប តាមវិធីចំរាញ់ប្រេងរបស់អ្នកធ្វើទឹកអប់ ដើម្បីប្រើសម្រាប់ធ្វើពិធីលាបប្រេងសក្ការៈ។
26. ត្រូវប្រើប្រេងនោះសម្រាប់លាបពន្លាជួបព្រះអម្ចាស់ និងហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា
27. តុ និងគ្រឿងបរិក្ខារដែលប្រើប្រាស់ជាមួយតុ ជើងចង្កៀង និងគ្រឿងបរិក្ខារដែលប្រើជាមួយចង្កៀងអាសនៈដុតគ្រឿងក្រអូប
28. អាសនៈសម្រាប់ថ្វាយតង្វាយដុតទាំងមូល និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយអាសនៈ ព្រមទាំងអាងទឹក និងកំណល់។
29. ពេលអ្នកលាបប្រេងញែកវត្ថុទាំងនោះជាសក្ការៈ វត្ថុទាំងនោះនឹងបានទៅជាវិសុទ្ធ*បំផុត ហើយអ្វីៗដែលមកប៉ះនឹងវត្ថុទាំងនោះ ក៏នឹងទៅជាវិសុទ្ធដែរ។
30. ចូរយកប្រេងនេះលាបលើអើរ៉ុន និងកូនប្រុសរបស់គាត់ ញែកពួកគេឲ្យបានវិសុទ្ធ ដើម្បីឲ្យពួកគេបំពេញមុខងារជាបូជាចារ្យ*បម្រើយើង។
31. ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា នេះជាប្រេងសម្រាប់ប្រើក្នុងពិធីលាបប្រេងដ៏សក្ការៈ គ្រប់ជំនាន់តរៀងទៅ។