15. តង្វាយដែលត្រូវថ្វាយព្រះអម្ចាស់នេះ កំណត់ត្រឹមប្រាក់ពីរតម្លឹង។ អ្នកមានមិនត្រូវបង់លើសចំនួន រីឯអ្នកក្រក៏មិនត្រូវបង់តិចជាងដែរ។
16. ពេលអ្នកទទួលប្រាក់ពីកូនចៅអ៊ីស្រាអែលហើយ ត្រូវយកប្រាក់នេះទៅប្រើប្រាស់សម្រាប់ការងារក្នុងពន្លាជួបព្រះអម្ចាស់។ ធ្វើដូច្នេះ ព្រះអម្ចាស់នឹងនឹកដល់កូនចៅអ៊ីស្រាអែល ដែលបានលោះជីវិតរបស់ខ្លួន»។
17. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
18. «ចូរធ្វើអាងមួយអំពីលង្ហិន ដាក់នៅលើកំណល់ធ្វើអំពីលង្ហិន សម្រាប់ធ្វើពិធីជម្រះកាយ។ ត្រូវដាក់អាងនោះនៅចន្លោះពន្លាជួបព្រះអម្ចាស់ និងអាសនៈ រួចចាក់ទឹកឲ្យពេញអាង។
19. អើរ៉ុន និងកូនប្រុសរបស់គាត់ ត្រូវយកទឹកពីក្នុងអាងនោះ សម្រាប់ធ្វើពិធីលាងដៃ និងលាងជើង។
20. មុននឹងចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ពួកគេត្រូវយកទឹកនោះមកធ្វើពិធីជម្រះកាយជាមុនសិន ដើម្បីកុំឲ្យពួកគេត្រូវស្លាប់។ ពេលចូលទៅកាន់អាសនៈ ដើម្បីថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ក៏ពួកគេត្រូវធ្វើពិធីជម្រះកាយដែរ។
21. ពួកគេត្រូវតែធ្វើពិធីលាងដៃ និងលាងជើង ដើម្បីកុំឲ្យស្លាប់។ នេះជាច្បាប់ដែលអើរ៉ុន និងពូជពង្សរបស់គាត់ត្រូវអនុវត្តតាមរហូតតទៅ»។
22. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
23. «ចូរយកគ្រឿងក្រអូបដែលមានគុណភាពល្អបំផុត គឺជ័រល្វីងទេសទម្ងន់ដប់ពីរនាល ប្រេងទេព្វិរូប្រាំមួយនាល ប្រេងសម្បុរល្វែងប្រាំមួយនាល
24. កំញានដប់ពីរនាល គិតតាមទម្ងន់ដែលប្រើនៅក្នុងទីសក្ការៈ ព្រមទាំងប្រេងអូលីវប្រាំមួយលីត្រទៀតផង។