និក្ខមនំ 3:4-11 Khmer Standard Version (KHSV)

4. ព្រះ‌អម្ចាស់​ឃើញ​លោក​ម៉ូសេ​ឆៀង​ចូល​មក​ជិត​ដូច្នេះ ព្រះ‌អង្គ​ហៅ​លោក​ពី​ក្នុង​គុម្ពោត​ថា៖ «ម៉ូសេ​អើយ! ម៉ូសេ!»។ លោក​ម៉ូសេ​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល!»។

5. ព្រះ‌អង្គ​មាន​ព្រះ‌បញ្ជា​ថា៖ «កុំ​មក​ជិត​កន្លែង​នេះ! ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ​ជា​ដី​ដ៏‌វិសុទ្ធ។

6. យើង​ជា​ព្រះ​ដែល​ឪពុក​អ្នក​តែង​គោរព​បម្រើ គឺ​ព្រះ​របស់​អប្រាហាំ អ៊ីសាក និង​យ៉ាកុប»។ លោក​ម៉ូសេ​ខ្ទប់​មុខ ព្រោះ​មិន​ហ៊ាន​មើល​ព្រះ‌ជាម្ចាស់។

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជា‌រាស្ត្រ​យើង​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សម្រែក​របស់​គេ ព្រោះ​តែ​មេ​ត្រួត‌ត្រា​វាយ‌ដំ​ដែរ។ យើង​ដឹង​អំពី​ទុក្ខ​វេទនា​របស់​ពួក​គេ​ហើយ។

8. ដូច្នេះ យើង​ចុះ​មក ដើម្បី​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប។ យើង​នឹង​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ​ទៅ​នៅ​ស្រុក​មួយ​មាន​ជី‌ជាតិ​ល្អ ធំ​ទូ‌លាយ ជា​ស្រុក​ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរ‌ហៀរ គឺ​ស្រុក​របស់​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។

9. ឥឡូវ​នេះ សម្រែក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​លាន់​ឮ​ដល់​យើង ហើយ​យើង​ក៏​ឃើញ​ជន‌ជាតិ​អេស៊ីប​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ​ដែរ។

10. ឥឡូវ​នេះ យើង​ចាត់​អ្នក​ឲ្យ​ទៅ​ជួប​ស្ដេច​ផារ៉ោន។ ចូរ​ទៅ​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីប»។

11. លោក​ម៉ូសេ​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «តើ​ទូលបង្គំ​មាន​ឋានៈ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​ទៅ​ជួប​ព្រះចៅ​ផារ៉ោន និង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប​ដូច្នេះ?»។

និក្ខមនំ 3