និក្ខមនំ 3:12-17 Khmer Standard Version (KHSV)

12. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នៅ​ជា​មួយ​អ្នក​ហើយ! កាល​ណា​អ្នក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ផុត​ពី​ស្រុក​អេស៊ីប អ្នក​រាល់​គ្នា​ត្រូវ​មក​គោរព​បម្រើ​យើង​នៅ​លើ​ភ្នំ​នេះ ដែល​ជា​ទី​សម្គាល់​ថា យើង​បាន​ចាត់​អ្នក​ឲ្យ​ទៅ​មែន»។

13. លោក​ម៉ូសេ​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «បពិត្រ​ព្រះ‌ជាម្ចាស់! ទូលបង្គំ​នឹង​ទៅ​ជួប​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ប្រាប់​ពួក​គេ​ថា: ព្រះ​របស់​បុព្វបុរស​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា។ ប្រសិន​បើ​ពួក​គេ​សួរ​ថា ព្រះ‌អង្គ​ព្រះ‌នាម​អ្វី​នោះ តើ​ទូលបង្គំ​ប្រាប់​ពួក​គេ​ដូច​ម្ដេច?»។

14. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ។ អ្នក​ត្រូវ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា “ព្រះ‌អម្ចាស់​ដែល​មាន​ជីវិត​គង់​នៅ” ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា»។

15. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ​នេះ: “ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​បុព្វបុរស​អ្នក​រាល់​គ្នា គឺ​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា”។ នេះ​ជា​នាម​របស់​យើង ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច សម្រាប់​ឲ្យ​មនុស្ស​លោក​នឹក​ដល់​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

16. ចូរ​ទៅ​ប្រមូល​ចាស់​ទុំ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រាប់​ថា “ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា គឺ​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា: យើង​បាន​ឃើញ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា​នៅ​ស្រុក​អេស៊ីប។

17. យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​រង​ទុក្ខ ឆ្ពោះ​ទៅ​កាន់​ស្រុក​របស់​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស ជា​ស្រុក​ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរ‌ហៀរ​ហើយ”។

និក្ខមនំ 3