1. លោកម៉ូសេឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេករបស់លោក និងជាបូជាចារ្យនៅស្រុកម៉ាឌាន។ លោកនាំហ្វូងសត្វទៅខាងនាយវាលរហោស្ថាន រហូតដល់ភ្នំហោរែប ជាភ្នំរបស់ព្រះជាម្ចាស់។
2. នៅទីនោះ ទេវតា*របស់ព្រះអម្ចាស់បង្ហាញខ្លួនក្នុងអណ្ដាតភ្លើង ដែលឆេះចេញពីកណ្ដាលគុម្ពោត ឲ្យលោកឃើញ។ លោកឃើញភ្លើងចេញពីគុម្ពោត តែគុម្ពោតមិនឆេះទេ។
3. លោកម៉ូសេក៏គិតថា៖ «ខ្ញុំនឹងឆៀងទៅមើលអព្ភូតហេតុនេះ ហេតុអ្វីបានជាគុម្ពោតមិនឆេះ?»។
4. ព្រះអម្ចាស់ឃើញលោកម៉ូសេឆៀងចូលមកជិតដូច្នេះ ព្រះអង្គហៅលោកពីក្នុងគុម្ពោតថា៖ «ម៉ូសេអើយ! ម៉ូសេ!»។ លោកម៉ូសេទូលឆ្លើយថា៖ «ក្រាបទូល!»។
5. ព្រះអង្គមានព្រះបញ្ជាថា៖ «កុំមកជិតកន្លែងនេះ! ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាដីដ៏វិសុទ្ធ។
6. យើងជាព្រះដែលឪពុកអ្នកតែងគោរពបម្រើ គឺព្រះរបស់អប្រាហាំ អ៊ីសាក និងយ៉ាកុប»។ លោកម៉ូសេខ្ទប់មុខ ព្រោះមិនហ៊ានមើលព្រះជាម្ចាស់។
7. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសម្រែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយ។
8. ដូច្នេះ យើងចុះមក ដើម្បីរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ យើងនឹងនាំពួកគេចេញពីស្រុកនោះទៅនៅស្រុកមួយមានជីជាតិល្អ ធំទូលាយ ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ គឺស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
9. ឥឡូវនេះ សម្រែករបស់ជនជាតិអ៊ីស្រាអែលបានលាន់ឮដល់យើង ហើយយើងក៏ឃើញជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិនពួកគេដែរ។
10. ឥឡូវនេះ យើងចាត់អ្នកឲ្យទៅជួបស្ដេចផារ៉ោន។ ចូរទៅនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើងចេញពីស្រុកអេស៊ីប»។
11. លោកម៉ូសេទូលព្រះជាម្ចាស់ថា៖ «តើទូលបង្គំមានឋានៈអ្វីបានជាទូលបង្គំត្រូវទៅជួបព្រះចៅផារ៉ោន និងនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបដូច្នេះ?»។
12. ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងនៅជាមួយអ្នកហើយ! កាលណាអ្នកនាំជនជាតិអ៊ីស្រាអែលចេញផុតពីស្រុកអេស៊ីប អ្នករាល់គ្នាត្រូវមកគោរពបម្រើយើងនៅលើភ្នំនេះ ដែលជាទីសម្គាល់ថា យើងបានចាត់អ្នកឲ្យទៅមែន»។
13. លោកម៉ូសេទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះជាម្ចាស់! ទូលបង្គំនឹងទៅជួបជនជាតិអ៊ីស្រាអែល ហើយប្រាប់ពួកគេថា: ព្រះរបស់បុព្វបុរសអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា។ ប្រសិនបើពួកគេសួរថា ព្រះអង្គព្រះនាមអ្វីនោះ តើទូលបង្គំប្រាប់ពួកគេដូចម្ដេច?»។
14. ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «យើងជាព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ។ អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែលថា “ព្រះអម្ចាស់ដែលមានជីវិតគង់នៅ” ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា»។
15. ព្រះជាម្ចាស់មានព្រះបន្ទូលថែមទៀតថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅនេះ: “ព្រះអម្ចាស់ជាព្រះរបស់បុព្វបុរសអ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា”។ នេះជានាមរបស់យើង ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់ឲ្យមនុស្សលោកនឹកដល់យើងអស់កល្បជាអង្វែងតរៀងទៅ។
16. ចូរទៅប្រមូលចាស់ទុំនៃជនជាតិអ៊ីស្រាអែល ប្រាប់ថា “ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប បានបង្ហាញឲ្យខ្ញុំឃើញព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា: យើងបានឃើញគេជិះជាន់សង្កត់សង្កិនអ្នករាល់គ្នានៅស្រុកអេស៊ីប។