32. អើរ៉ុន និងកូនប្រុសរបស់គាត់ត្រូវបរិភោគសាច់នោះ ជាមួយនំប៉័ងដែលមាននៅក្នុងល្អី ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
33. មានតែពួកគេប៉ុណ្ណោះ ដែលអាចបរិភោគតង្វាយនេះ ក្នុងពិធីតែងតាំងពួកគេឲ្យបំពេញមុខងារជាបូជាចារ្យ ដើម្បីសុំរំដោះបាប។ រីឯអ្នកឯទៀត គ្មានសិទ្ធិបរិភោគតង្វាយនេះទេ ដ្បិតជាអាហារសក្ការៈ។
34. ប្រសិនបើព្រឹកស្អែកមាននៅសល់សាច់ ឬនំប៉័ង នោះត្រូវយកទៅដុត គឺមិនត្រូវបរិភោគឡើយ ព្រោះជាអាហារសក្ការៈ។
35. ត្រូវប្រព្រឹត្តចំពោះអើរ៉ុន និងកូនប្រុសរបស់គាត់ តាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នក។ ពិធីតែងតាំងពួកគេជាបូជាចារ្យនេះត្រូវធ្វើឲ្យគ្រប់ប្រាំពីរថ្ងៃ។
36. រៀងរាល់ថ្ងៃ ត្រូវថ្វាយគោបាមួយជាយញ្ញបូជារំដោះបាប ដើម្បីសុំលោះបាប។ ធ្វើដូច្នេះ អ្នកជម្រះអាសនៈឲ្យបានបរិសុទ្ធ រួចអ្នកត្រូវចាក់ប្រេងពីលើ ដើម្បីឲ្យអាសនៈនោះបានវិសុទ្ធ។
37. ក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នកត្រូវធ្វើពិធីជម្រះអាសនៈ និងញែកអាសនៈទុកជាសក្ការៈ។ ធ្វើដូច្នេះ អាសនៈនេះនឹងទៅជាវិសុទ្ធបំផុត ហើយអ្វីៗដែលប៉ះនឹងអាសនៈក៏ទៅជាវិសុទ្ធដែរ។
38. រៀងរាល់ថ្ងៃ ត្រូវយកកូនចៀមពីរ ដែលមានអាយុមួយខួប ថ្វាយនៅលើអាសនៈជានិច្ចនិរន្តរ៍តរៀងទៅ។
39. ត្រូវថ្វាយកូនចៀមមួយនៅពេលព្រឹក ហើយកូនចៀមមួយទៀតនៅពេលល្ងាច។
40. ត្រូវយកម្សៅដ៏ម៉ដ្ដចំនួនមួយភាគដប់នៃអេផា* លាយជាមួយប្រេងអូលីវដ៏ល្អមួយភាគបួននៃហ៊ីន* ព្រមទាំងស្រាទំពាំងបាយជូរ សម្រាប់ធ្វើពិធីច្រួចស្រាចំនួនមួយភាគបួននៃហ៊ីន* មកថ្វាយជាមួយកូនចៀមទីមួយ។
41. រីឯកូនចៀមមួយទៀតត្រូវថ្វាយនៅពេលល្ងាច រួមជាមួយតង្វាយម្សៅ ប្រេង និងស្រាទំពាំងបាយជូរ ដូចនៅពេលព្រឹកដែរ។ ចូរដុតតង្វាយទាំងនេះជាយញ្ញបូជា ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
42. នេះជាតង្វាយដុតជានិច្ចនិរន្តរ៍ ដែលកូនចៅរបស់អ្នករាល់គ្នាគ្រប់ជំនាន់ត្រូវថ្វាយព្រះអម្ចាស់ នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ នៅទីនេះ យើងនឹងមកជួបអ្នករាល់គ្នា ហើយនិយាយជាមួយអ្នក។
43. យើងនឹងមកជួបកូនចៅអ៊ីស្រាអែលនៅទីនេះ ហើយកន្លែងនេះនឹងបានវិសុទ្ធ ដោយសារសិរីរុងរឿងរបស់យើង។
44. យើងនឹងញែកពន្លាជួបព្រះអម្ចាស់ ព្រមទាំងអាសនៈឲ្យបានវិសុទ្ធ។ យើងក៏ញែកអើរ៉ុន ព្រមទាំងកូនប្រុសរបស់គាត់ឲ្យបានវិសុទ្ធដែរ ដើម្បីឲ្យពួកគេបំពេញមុខងារជាបូជាចារ្យ*បម្រើយើង។
45. យើងនឹងស្ថិតនៅជាមួយកូនចៅអ៊ីស្រាអែល យើងនឹងធ្វើជាព្រះរបស់ពួកគេ។