27. ត្រូវប្រកាសថា សាច់ទ្រូង និងភ្លៅចៀមដែលគេយកពីចៀម ប្រើសម្រាប់ធ្វើពិធីតែងតាំងអើរ៉ុន និងកូនរបស់គាត់ ហើយដែលគេបានលើកថ្វាយព្រះអម្ចាស់នោះជាសាច់ដ៏វិសុទ្ធ។
28. ហេតុនេះហើយបានជានៅពេលដែលជនជាតិអ៊ីស្រាអែលថ្វាយយញ្ញបូជាមេត្រីភាព សាច់ដែលគេញែកថ្វាយព្រះអម្ចាស់ នឹងបានទៅជាចំណែករបស់អើរ៉ុន និងកូនរបស់គាត់។ នេះជាច្បាប់ដែលត្រូវអនុវត្តតាមរហូតតទៅ។
29. ក្រោយពេលដែលអើរ៉ុនស្លាប់ទៅ សម្លៀកបំពាក់របស់គាត់ ត្រូវផ្ទេរទៅឲ្យកូនៗរបស់គាត់ ដើម្បីឲ្យគេពាក់ នៅពេលទទួលពិធីលាបប្រេងតែងតាំងជាបូជាចារ្យ។
30. ក្នុងចំណោមកូនរបស់អើរ៉ុន អ្នកដែលទទួលតំណែងជាបូជាចារ្យបន្តពីគាត់ ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះអស់រយៈពេលប្រាំពីរថ្ងៃ បន្ទាប់មក ទើបគេចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។
31. ចូរយកសាច់របស់ចៀមឈ្មោល ដែលប្រើសម្រាប់ធ្វើពិធីតែងតាំងបូជាចារ្យ មកចំអិននៅក្នុងទីសក្ការៈ។
32. អើរ៉ុន និងកូនប្រុសរបស់គាត់ត្រូវបរិភោគសាច់នោះ ជាមួយនំប៉័ងដែលមាននៅក្នុងល្អី ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
33. មានតែពួកគេប៉ុណ្ណោះ ដែលអាចបរិភោគតង្វាយនេះ ក្នុងពិធីតែងតាំងពួកគេឲ្យបំពេញមុខងារជាបូជាចារ្យ ដើម្បីសុំរំដោះបាប។ រីឯអ្នកឯទៀត គ្មានសិទ្ធិបរិភោគតង្វាយនេះទេ ដ្បិតជាអាហារសក្ការៈ។