22. ចៀមទីពីរនេះជាចៀមសម្រាប់ធ្វើពិធីតែងតាំងបូជាចារ្យ។ ត្រូវយកខ្លាញ់របស់វា កន្ទុយ ខ្លាញ់ជាប់នឹងពោះវៀន ថ្លើម ក្រលៀនទាំងពីរ និងខ្លាញ់ ដែលជាប់ជាមួយភ្លៅស្ដាំខាងក្រោយ
23. រួចយកនំប៉័ងមួយ នំលាយប្រេងមួយ និងនំក្រៀបមួយពីល្អីដាក់នំប៉័ងឥតមេ ដែលគេតាំងថ្វាយព្រះអម្ចាស់
24. ដាក់ទាំងអស់លើដៃរបស់អើរ៉ុន និងកូនរបស់គាត់ ហើយប្រាប់ពួកគេឲ្យលើកតង្វាយនេះឡើង ជាសញ្ញាថ្វាយព្រះអម្ចាស់។
25. បន្ទាប់មក ចូរយកតង្វាយពីដៃពួកគេទៅដុតនៅលើអាសនៈ រួមជាមួយតង្វាយដុតទាំងមូល ជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
26. ចូរយកសាច់ទ្រូងរបស់ចៀម ដែលប្រើសម្រាប់ធ្វើពិធីតែងតាំងអើរ៉ុននោះ លើកឡើងជាសញ្ញាថ្វាយព្រះអម្ចាស់ ដោយដៃអ្នកផ្ទាល់ រួចហើយសាច់នេះនឹងបានជាចំណែករបស់អ្នក។
27. ត្រូវប្រកាសថា សាច់ទ្រូង និងភ្លៅចៀមដែលគេយកពីចៀម ប្រើសម្រាប់ធ្វើពិធីតែងតាំងអើរ៉ុន និងកូនរបស់គាត់ ហើយដែលគេបានលើកថ្វាយព្រះអម្ចាស់នោះជាសាច់ដ៏វិសុទ្ធ។