16. ត្រូវអារ-កចៀមឈ្មោល រួចយកឈាមរបស់វាទៅប្រោះជុំវិញអាសនៈ។
17. ត្រូវកាប់សាច់ជាដុំៗ លាងពោះវៀន និងជើងរបស់វាឲ្យស្អាត ហើយយកទៅដាក់លើដុំសាច់ និងក្បាល។
18. ត្រូវដុតចៀមនោះនៅលើអាសនៈ ជាតង្វាយដុតទាំងមូល ថ្វាយព្រះអម្ចាស់ គឺជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
19. ត្រូវនាំចៀមឈ្មោលមួយទៀតមក ហើយឲ្យអើរ៉ុន និងកូនប្រុសរបស់គាត់ ដាក់ដៃលើក្បាលវា។
20. ត្រូវអារ-កចៀមនោះ យកឈាមរបស់វាទៅលាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អើរ៉ុន និងកូនៗគាត់ រួចទើបយកឈាមដែលនៅសល់ទៅប្រោះជុំវិញអាសនៈ។
21. ត្រូវយកឈាមពីលើអាសនៈ និងប្រេងសម្រាប់តែងតាំង ទៅប្រោះលើអើរ៉ុន និងសម្លៀកបំពាក់របស់គាត់ ព្រមទាំងប្រោះលើកូនប្រុសគាត់ និងសម្លៀកបំពាក់របស់ពួកគេដែរ។ ធ្វើដូច្នេះ ទាំងអើរ៉ុន ទាំងកូនប្រុសរបស់គាត់ និងសម្លៀកបំពាក់របស់ពួកគេនឹងបានទៅជាវិសុទ្ធ។
22. ចៀមទីពីរនេះជាចៀមសម្រាប់ធ្វើពិធីតែងតាំងបូជាចារ្យ។ ត្រូវយកខ្លាញ់របស់វា កន្ទុយ ខ្លាញ់ជាប់នឹងពោះវៀន ថ្លើម ក្រលៀនទាំងពីរ និងខ្លាញ់ ដែលជាប់ជាមួយភ្លៅស្ដាំខាងក្រោយ
23. រួចយកនំប៉័ងមួយ នំលាយប្រេងមួយ និងនំក្រៀបមួយពីល្អីដាក់នំប៉័ងឥតមេ ដែលគេតាំងថ្វាយព្រះអម្ចាស់
24. ដាក់ទាំងអស់លើដៃរបស់អើរ៉ុន និងកូនរបស់គាត់ ហើយប្រាប់ពួកគេឲ្យលើកតង្វាយនេះឡើង ជាសញ្ញាថ្វាយព្រះអម្ចាស់។
25. បន្ទាប់មក ចូរយកតង្វាយពីដៃពួកគេទៅដុតនៅលើអាសនៈ រួមជាមួយតង្វាយដុតទាំងមូល ជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
26. ចូរយកសាច់ទ្រូងរបស់ចៀម ដែលប្រើសម្រាប់ធ្វើពិធីតែងតាំងអើរ៉ុននោះ លើកឡើងជាសញ្ញាថ្វាយព្រះអម្ចាស់ ដោយដៃអ្នកផ្ទាល់ រួចហើយសាច់នេះនឹងបានជាចំណែករបស់អ្នក។
27. ត្រូវប្រកាសថា សាច់ទ្រូង និងភ្លៅចៀមដែលគេយកពីចៀម ប្រើសម្រាប់ធ្វើពិធីតែងតាំងអើរ៉ុន និងកូនរបស់គាត់ ហើយដែលគេបានលើកថ្វាយព្រះអម្ចាស់នោះជាសាច់ដ៏វិសុទ្ធ។
28. ហេតុនេះហើយបានជានៅពេលដែលជនជាតិអ៊ីស្រាអែលថ្វាយយញ្ញបូជាមេត្រីភាព សាច់ដែលគេញែកថ្វាយព្រះអម្ចាស់ នឹងបានទៅជាចំណែករបស់អើរ៉ុន និងកូនរបស់គាត់។ នេះជាច្បាប់ដែលត្រូវអនុវត្តតាមរហូតតទៅ។
29. ក្រោយពេលដែលអើរ៉ុនស្លាប់ទៅ សម្លៀកបំពាក់របស់គាត់ ត្រូវផ្ទេរទៅឲ្យកូនៗរបស់គាត់ ដើម្បីឲ្យគេពាក់ នៅពេលទទួលពិធីលាបប្រេងតែងតាំងជាបូជាចារ្យ។