8. រីឯខ្សែក្រវាត់របស់អាវអេផូដត្រូវធ្វើដោយសរសៃអំបោះ ដូចអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ខ្សែក្រវាត់នេះត្រូវដេរជាប់នឹងអាវអេផូដ។
9. ចូរយកត្បូងមណីជោតិរសពីរដុំមក ហើយចារឈ្មោះកូនរបស់អ៊ីស្រាអែលនៅលើនោះ។
10. ត្រូវចារឈ្មោះប្រាំមួយនៅលើត្បូងទីមួយ និងឈ្មោះប្រាំមួយទៀតនៅលើត្បូងទីពីរ តាមលំដាប់អាយុរបស់ពួកគេ។
11. អ្នកត្រូវចារឈ្មោះកូនរបស់អ៊ីស្រាអែលនៅលើត្បូង តាមរបៀបដូចគេឆ្លាក់ត្រា ហើយត្រូវធ្វើក្រចាប់មាសភ្ជាប់នឹងត្បូងនោះផង។
12. ចូរដាំត្បូងទាំងពីរភ្ជាប់នឹងខ្សែព្រយុងរបស់អាវអេផូដ ទុកជាតំណាងកូនរបស់អ៊ីស្រាអែល។ ដូច្នេះ អើរ៉ុននឹងពាក់ឈ្មោះរបស់ពួកគេលើខ្សែព្រយុងទាំងពីរ នៅចំពោះមុខយើង ដែលជាព្រះអម្ចាស់ ដើម្បីឲ្យយើងនឹកដល់ពួកគេ។
13. ត្រូវធ្វើក្រចាប់ទាំងនោះពីមាស
14. ធ្វើខ្សែពីមាសសុទ្ធ ដែលវេញចូលគ្នាជារបៀបខ្សែពួរ ហើយភ្ជាប់ខ្សែ និងក្រចាប់ជាប់គ្នា។
15. ត្រូវធ្វើប្រដាប់ពាក់លើទ្រូងមួយ សម្រាប់វិនិច្ឆ័យ។ ប្រដាប់ពាក់លើទ្រូងនេះត្រូវធ្វើដោយសរសៃអំបោះដូចអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ដោយមានប៉ាក់លំអផង។
16. ប្រដាប់ពាក់លើទ្រូងនេះមានពីរស្រទាប់ និងមានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយចង្អាម។
17. ប្រដាប់ពាក់លើទ្រូងត្រូវលំអដោយត្បូងបួនជួរ គឺជួរទីមួយ ត្រូវដាំត្បូងទទឹមមួយគ្រាប់ ត្បូងប៊ុតលឿងមួយគ្រាប់ និងត្បូងមរកតមួយគ្រាប់។
18. ជួរទីពីរ ត្រូវដាំត្បូងទទឹមមួយគ្រាប់ត្បូងកណ្ដៀងមួយគ្រាប់ និងត្បូងពេជ្រមួយគ្រាប់។
19. ជួរទីបី ត្រូវដាំត្បូងទទឹមមួយគ្រាប់ ត្បូងនិលរ័ត្នមួយគ្រាប់ និងត្បូងជម្ពូរ័ត្នមួយគ្រាប់
20. ហើយជួរទីបួន ត្រូវដាំត្បូងដៃរគៀមមួយគ្រាប់ ត្បូងកែវយក់មួយគ្រាប់ និងមណីជោតិរសមួយគ្រាប់។ ត្បូងនីមួយៗត្រូវតែដាំបង្កប់ក្នុងក្រចាប់ធ្វើអំពីមាស។
21. ត្បូងទាំងនេះជាតំណាងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល គឺមានទាំងអស់ដប់ពីរ។ នៅលើត្បូងនីមួយៗត្រូវចារឈ្មោះកុលសម្ព័ន្ធមួយ តាមរបៀបដែលគេឆ្លាក់ត្រា។