32. ផ្នែកខាងលើរបស់អាវវែងនោះ ត្រូវកាត់ប្រឡោះមួយចំកណ្ដាលសម្រាប់ស៊កក្បាល។ ត្រូវដេររឹមជុំវិញប្រឡោះនោះ ដើម្បីកុំឲ្យរហែក គឺដេរតាមរបៀបដែលគេដេរជាយអាវស្បែក។
33. នៅតាមជាយអាវខាងក្រោម ត្រូវប៉ាក់លំអដោយរូបផ្លែទទឹមពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ហើយត្រូវដាក់កូនកណ្ដឹងមាសទៀតផង។
34. ត្រូវដាក់រូបផ្លែទទឹមមួយ កូនកណ្ដឹងមួយឆ្លាស់គ្នាជុំវិញជាយអាវ។
35. អើរ៉ុនពាក់អាវនេះនៅពេលបំពេញមុខងារ គឺពេលគាត់មករកព្រះអម្ចាស់ក្នុងទីសក្ការៈ ហើយពេលគាត់ចេញមកវិញ គេនឹងឮស្នូរកូនកណ្ដឹង។ ដូច្នេះ គាត់នឹងមិនត្រូវស្លាប់ឡើយ។
36. ចូរធ្វើគ្រឿងអលង្ការមួយពីមាសសុទ្ធមានរាងដូចផ្កា។ ត្រូវឆ្លាក់អក្សរ «បូជាថ្វាយព្រះអម្ចាស់» នៅលើគ្រឿងអលង្ការនេះ តាមរបៀបដែលគេឆ្លាក់ត្រា។
37. ចូរភ្ជាប់គ្រឿងអលង្ការទៅនឹងផ្នែកខាងមុខនៃឆ្នួតក្បាល ដោយប្រើខ្សែពណ៌ស្វាយ។
38. ពេលអើរ៉ុនចូលមករកយើងដែលជាព្រះអម្ចាស់ គ្រឿងអលង្ការនេះស្ថិតនៅលើថ្ងាសរបស់គាត់ជានិច្ច។ ធ្វើដូច្នេះ ទោះបីជនជាតិអ៊ីស្រាអែលធ្វើខុស នៅពេលថ្វាយតង្វាយក៏ដោយ ក៏យើងយល់ព្រមទទួលតង្វាយរបស់ពួកគេដែរ។
39. ត្រូវធ្វើអាវក្នុងមួយពីអំបោះធ្មៃ ឆ្នួតក្បាលមួយពីអំបោះធ្មៃ ព្រមទាំងប៉ាក់ខ្សែក្រវាត់មួយផង។
40. ត្រូវធ្វើអាវក្នុង ខ្សែក្រវាត់ និងឆ្នួតក្បាល សម្រាប់កូនទាំងអស់របស់អើរ៉ុន ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូររបស់ពួកគេ។
41. ត្រូវយកសម្លៀកបំពាក់ទាំងនេះទៅពាក់ឲ្យអើរ៉ុន និងកូនប្រុសរបស់គាត់ រួចចាក់ប្រេងតែងតាំងពួកគេ ដើម្បីញែកពួកគេឲ្យបំពេញមុខងារជាបូជាចារ្យបម្រើយើង។