30. ចូរដាក់យូរីម និងធូមីម* ទៅក្នុងប្រដាប់ពាក់លើទ្រូងសម្រាប់វិនិច្ឆ័យ ដើម្បីឲ្យវត្ថុទាំងនេះស្ថិតនៅជាប់នឹងទ្រូងអើរ៉ុនជានិច្ច នៅពេលគាត់ចូលមករកយើង។ ដូច្នេះ នៅពេលចូលមករកយើង ដែលជាព្រះអម្ចាស់ អើរ៉ុនត្រូវពាក់គ្រឿងសម្រាប់វិនិច្ឆ័យជនជាតិអ៊ីស្រាអែលជាប់នឹងដើមទ្រូងជានិច្ច។
31. ចូរធ្វើអាវវែងមួយពណ៌ស្វាយ សម្រាប់ពាក់ពីក្រោមអាវអេផូដ។
32. ផ្នែកខាងលើរបស់អាវវែងនោះ ត្រូវកាត់ប្រឡោះមួយចំកណ្ដាលសម្រាប់ស៊កក្បាល។ ត្រូវដេររឹមជុំវិញប្រឡោះនោះ ដើម្បីកុំឲ្យរហែក គឺដេរតាមរបៀបដែលគេដេរជាយអាវស្បែក។
33. នៅតាមជាយអាវខាងក្រោម ត្រូវប៉ាក់លំអដោយរូបផ្លែទទឹមពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ហើយត្រូវដាក់កូនកណ្ដឹងមាសទៀតផង។