28. ចូរយកខ្សែពណ៌ស្វាយ ចងកងរបស់ប្រដាប់ពាក់លើទ្រូង ភ្ជាប់ទៅនឹងកងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះ ស្ថិតនៅពីលើខ្សែក្រវាត់ ហើយកុំឲ្យរបូតចេញពីអាវអេផូដឡើយ។
29. ពេលអើរ៉ុនចូលក្នុងទីសក្ការៈ គាត់មានឈ្មោះកុលសម្ព័ន្ធនៃកូនចៅអ៊ីស្រាអែលនៅជាប់នឹងប្រដាប់ពាក់លើទ្រូង សម្រាប់វិនិច្ឆ័យ ដើម្បីឲ្យយើងដែលជាព្រះអម្ចាស់ នឹកដល់ពួកគេអស់កល្បជានិច្ច។
30. ចូរដាក់យូរីម និងធូមីម* ទៅក្នុងប្រដាប់ពាក់លើទ្រូងសម្រាប់វិនិច្ឆ័យ ដើម្បីឲ្យវត្ថុទាំងនេះស្ថិតនៅជាប់នឹងទ្រូងអើរ៉ុនជានិច្ច នៅពេលគាត់ចូលមករកយើង។ ដូច្នេះ នៅពេលចូលមករកយើង ដែលជាព្រះអម្ចាស់ អើរ៉ុនត្រូវពាក់គ្រឿងសម្រាប់វិនិច្ឆ័យជនជាតិអ៊ីស្រាអែលជាប់នឹងដើមទ្រូងជានិច្ច។
31. ចូរធ្វើអាវវែងមួយពណ៌ស្វាយ សម្រាប់ពាក់ពីក្រោមអាវអេផូដ។
32. ផ្នែកខាងលើរបស់អាវវែងនោះ ត្រូវកាត់ប្រឡោះមួយចំកណ្ដាលសម្រាប់ស៊កក្បាល។ ត្រូវដេររឹមជុំវិញប្រឡោះនោះ ដើម្បីកុំឲ្យរហែក គឺដេរតាមរបៀបដែលគេដេរជាយអាវស្បែក។
33. នៅតាមជាយអាវខាងក្រោម ត្រូវប៉ាក់លំអដោយរូបផ្លែទទឹមពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ហើយត្រូវដាក់កូនកណ្ដឹងមាសទៀតផង។
34. ត្រូវដាក់រូបផ្លែទទឹមមួយ កូនកណ្ដឹងមួយឆ្លាស់គ្នាជុំវិញជាយអាវ។