19. ជួរទីបី ត្រូវដាំត្បូងទទឹមមួយគ្រាប់ ត្បូងនិលរ័ត្នមួយគ្រាប់ និងត្បូងជម្ពូរ័ត្នមួយគ្រាប់
20. ហើយជួរទីបួន ត្រូវដាំត្បូងដៃរគៀមមួយគ្រាប់ ត្បូងកែវយក់មួយគ្រាប់ និងមណីជោតិរសមួយគ្រាប់។ ត្បូងនីមួយៗត្រូវតែដាំបង្កប់ក្នុងក្រចាប់ធ្វើអំពីមាស។
21. ត្បូងទាំងនេះជាតំណាងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល គឺមានទាំងអស់ដប់ពីរ។ នៅលើត្បូងនីមួយៗត្រូវចារឈ្មោះកុលសម្ព័ន្ធមួយ តាមរបៀបដែលគេឆ្លាក់ត្រា។
22. ត្រូវយកមាសសុទ្ធមកធ្វើជាខ្សែ ហើយវេញចូលគ្នាជារបៀបខ្សែពួរ សម្រាប់ភ្ជាប់ទៅនឹងប្រដាប់ពាក់លើទ្រូង។
23. ត្រូវធ្វើកងមាសពីរភ្ជាប់ទៅនឹងមុមខាងលើនៃប្រដាប់ពាក់លើទ្រូង។
24. បន្ទាប់មក ត្រូវថ្ពក់ខ្សែមាសទាំងពីរទៅនឹងកងទាំងពីរនៃប្រដាប់ពាក់លើទ្រូង
25. រួចភ្ជាប់ចុងម្ខាងទៀតទៅនឹងក្រចាប់មាសទាំងពីរ ដែលស្ថិតនៅលើខ្សែព្រយុងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះស្ថិតនៅពីមុខ។
26. ត្រូវធ្វើកងមាសពីរទៀត ភ្ជាប់ទៅនឹងមុមខាងក្រោមទាំងពីរនៃប្រដាប់ពាក់លើទ្រូង គឺមុមដែលប៉ះនឹងអាវអេផូដ។
27. ត្រូវធ្វើកងមាសពីរទៀត ភ្ជាប់ទៅចុងខាងក្រោមនៃខ្សែព្រយុងរបស់អាវអេផូដ ត្រង់កន្លែងដែលខ្សែព្រយុង និងអាវអេផូដ ដេរជាប់គ្នា នៅពីលើខ្សែក្រវាត់របស់អាវអេផូដ។
28. ចូរយកខ្សែពណ៌ស្វាយ ចងកងរបស់ប្រដាប់ពាក់លើទ្រូង ភ្ជាប់ទៅនឹងកងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះ ស្ថិតនៅពីលើខ្សែក្រវាត់ ហើយកុំឲ្យរបូតចេញពីអាវអេផូដឡើយ។
29. ពេលអើរ៉ុនចូលក្នុងទីសក្ការៈ គាត់មានឈ្មោះកុលសម្ព័ន្ធនៃកូនចៅអ៊ីស្រាអែលនៅជាប់នឹងប្រដាប់ពាក់លើទ្រូង សម្រាប់វិនិច្ឆ័យ ដើម្បីឲ្យយើងដែលជាព្រះអម្ចាស់ នឹកដល់ពួកគេអស់កល្បជានិច្ច។
30. ចូរដាក់យូរីម និងធូមីម* ទៅក្នុងប្រដាប់ពាក់លើទ្រូងសម្រាប់វិនិច្ឆ័យ ដើម្បីឲ្យវត្ថុទាំងនេះស្ថិតនៅជាប់នឹងទ្រូងអើរ៉ុនជានិច្ច នៅពេលគាត់ចូលមករកយើង។ ដូច្នេះ នៅពេលចូលមករកយើង ដែលជាព្រះអម្ចាស់ អើរ៉ុនត្រូវពាក់គ្រឿងសម្រាប់វិនិច្ឆ័យជនជាតិអ៊ីស្រាអែលជាប់នឹងដើមទ្រូងជានិច្ច។
31. ចូរធ្វើអាវវែងមួយពណ៌ស្វាយ សម្រាប់ពាក់ពីក្រោមអាវអេផូដ។
32. ផ្នែកខាងលើរបស់អាវវែងនោះ ត្រូវកាត់ប្រឡោះមួយចំកណ្ដាលសម្រាប់ស៊កក្បាល។ ត្រូវដេររឹមជុំវិញប្រឡោះនោះ ដើម្បីកុំឲ្យរហែក គឺដេរតាមរបៀបដែលគេដេរជាយអាវស្បែក។
33. នៅតាមជាយអាវខាងក្រោម ត្រូវប៉ាក់លំអដោយរូបផ្លែទទឹមពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ហើយត្រូវដាក់កូនកណ្ដឹងមាសទៀតផង។
34. ត្រូវដាក់រូបផ្លែទទឹមមួយ កូនកណ្ដឹងមួយឆ្លាស់គ្នាជុំវិញជាយអាវ។
35. អើរ៉ុនពាក់អាវនេះនៅពេលបំពេញមុខងារ គឺពេលគាត់មករកព្រះអម្ចាស់ក្នុងទីសក្ការៈ ហើយពេលគាត់ចេញមកវិញ គេនឹងឮស្នូរកូនកណ្ដឹង។ ដូច្នេះ គាត់នឹងមិនត្រូវស្លាប់ឡើយ។