1. ត្រូវហៅអើរ៉ុន ជាបងរបស់អ្នក ព្រមទាំងកូនប្រុសរបស់គាត់គឺ ណាដាប់ អប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ ពីក្នុងចំណោមកូនចៅអ៊ីស្រាអែល ឲ្យចូលមកជិតអ្នក ដើម្បីបំពេញមុខងារជាបូជាចារ្យ។
2. ត្រូវធ្វើសម្លៀកបំពាក់សក្ការៈ សម្រាប់អើរ៉ុន ជាបងរបស់អ្នក ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូររបស់គាត់។
3. ត្រូវប្រាប់ពួកសិប្បករទាំងអស់ថា យើងនឹងផ្ដល់ព្រះប្រាជ្ញាញាណឲ្យពួកគេ អាចធ្វើសម្លៀកបំពាក់សក្ការៈសម្រាប់អើរ៉ុន ដើម្បីញែកគាត់ឲ្យបានវិសុទ្ធ និងឲ្យគាត់បំពេញមុខងារជាបូជាចារ្យបម្រើយើង។
4. សម្លៀកបំពាក់ដែលពួកគេត្រូវធ្វើនោះ គឺប្រដាប់ពាក់លើទ្រូងមួយ អាវអេផូដ*មួយ អាវវែងមួយ អាវក្នុងមួយជាអាវប៉ាក់ ឆ្នួតក្បាលមួយ និងខ្សែក្រវាត់មួយ។ ពួកគេត្រូវធ្វើសម្លៀកបំពាក់សក្ការៈសម្រាប់អើរ៉ុន ជាបងរបស់អ្នក ព្រមទាំងកូនៗរបស់គាត់ ដើម្បីឲ្យបំពេញមុខងារជាបូជាចារ្យបម្រើយើង។
5. ពួកសិប្បករត្រូវប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ។
6. ពួកគេត្រូវប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ធ្វើអាវអេផូដ ដោយមានប៉ាក់លំអផង។
7. ត្រូវធ្វើខ្សែព្រយុងពីរ ដេរភ្ជាប់ទៅនឹងចុងទាំងសងខាងរបស់អាវអេផូដ។
8. រីឯខ្សែក្រវាត់របស់អាវអេផូដត្រូវធ្វើដោយសរសៃអំបោះ ដូចអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ខ្សែក្រវាត់នេះត្រូវដេរជាប់នឹងអាវអេផូដ។
9. ចូរយកត្បូងមណីជោតិរសពីរដុំមក ហើយចារឈ្មោះកូនរបស់អ៊ីស្រាអែលនៅលើនោះ។
10. ត្រូវចារឈ្មោះប្រាំមួយនៅលើត្បូងទីមួយ និងឈ្មោះប្រាំមួយទៀតនៅលើត្បូងទីពីរ តាមលំដាប់អាយុរបស់ពួកគេ។
11. អ្នកត្រូវចារឈ្មោះកូនរបស់អ៊ីស្រាអែលនៅលើត្បូង តាមរបៀបដូចគេឆ្លាក់ត្រា ហើយត្រូវធ្វើក្រចាប់មាសភ្ជាប់នឹងត្បូងនោះផង។
12. ចូរដាំត្បូងទាំងពីរភ្ជាប់នឹងខ្សែព្រយុងរបស់អាវអេផូដ ទុកជាតំណាងកូនរបស់អ៊ីស្រាអែល។ ដូច្នេះ អើរ៉ុននឹងពាក់ឈ្មោះរបស់ពួកគេលើខ្សែព្រយុងទាំងពីរ នៅចំពោះមុខយើង ដែលជាព្រះអម្ចាស់ ដើម្បីឲ្យយើងនឹកដល់ពួកគេ។
13. ត្រូវធ្វើក្រចាប់ទាំងនោះពីមាស
14. ធ្វើខ្សែពីមាសសុទ្ធ ដែលវេញចូលគ្នាជារបៀបខ្សែពួរ ហើយភ្ជាប់ខ្សែ និងក្រចាប់ជាប់គ្នា។