និក្ខមនំ 27:7-17 Khmer Standard Version (KHSV)

7. ត្រូវ​ស៊ក​ឈើ​ស្នែង​នោះ​ទៅ​ក្នុង​កង​ដែល​ស្ថិត​នៅ​តាម​ជ្រុង​អាសនៈ​សម្រាប់​សែង។

8. អាសនៈ​នេះ​ត្រូវ​ធ្វើ​ពី​បន្ទះ​ក្ដារ​ដែល​ព័ទ្ធ​ជុំ‌វិញ ទុក​ប្រហោង​នៅ​កណ្ដាល តាម​គំរូ ដែល​យើង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។

9. ត្រូវ​ធ្វើ​ទី‌លាន​សម្រាប់​ព្រះ‌ពន្លា ដោយ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ធ្មៃ បាំង​ជុំ‌វិញ។ នៅ​ប៉ែក​ខាង​ត្បូង រនាំង​ត្រូវ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ។

10. រនាំង​នោះ​ត្រូវ​ភ្ជាប់​នឹង​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេ‌រូត ធ្វើ​ពី​ប្រាក់។

11. នៅ​ប៉ែក​ខាង​ជើង រនាំង​ត្រូវ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ មាន​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេ‌រូត ធ្វើ​ពី​ប្រាក់។

12. ទទឹង​របស់​ទី‌លាន​ដែល​នៅ​ប៉ែក​ខាង​លិច រនាំង​ត្រូវ​មាន​ប្រវែង​ហា‌សិប​ហត្ថ មាន​បង្គោល​ដប់ និង​ជើង​ទ្រ​ដប់។

13. ទទឹង​របស់​ទី‌លាន ដែល​នៅ​ប៉ែក​ខាង​កើត ត្រូវ​មាន​ប្រវែង​ហា‌សិប​ហត្ថ​ដូច​គ្នា។

14. នៅ​ច្រក​ចូល រនាំង​ម្ខាង​ត្រូវ​មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី។

15. រនាំង​ម្ខាង​ទៀត ត្រូវ​មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី​ដែរ។

16. នៅ​ច្រក​ចូល​ទី‌លាន ត្រូវ​បាំង​វាំងនន​ដែល​មាន​ប្រវែង​ម្ភៃ​ហត្ថ ត្បាញ​ពី​អំបោះ​ធ្មៃ​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ មាន​ប៉ាក់​ក្បាច់​លំអ ព្រម​ទាំង​មាន​បង្គោល​បួន និង​ជើង​ទ្រ​បួន​ផង។

17. បង្គោល​វាំងនន​ទាំង​នោះ ភ្ជាប់​គ្នា​ដោយ​មេ‌រូត និង​ទំពក់ ធ្វើ​ពី​ប្រាក់ ហើយ​ជើង​ទ្រ​ធ្វើ​ពី​លង្ហិន។

និក្ខមនំ 27