22. នៅខាងក្រោយព្រះពន្លា គឺប៉ែកខាងលិច ត្រូវធ្វើស៊ុមចំនួនប្រាំមួយ។
23. ត្រូវធ្វើស៊ុមពីរទៀត សម្រាប់ជ្រុងខាងក្រោយព្រះពន្លា។
24. ស៊ុមនៅជ្រុងទាំងពីរនេះមានទ្រង់ទ្រាយដូចគ្នា គឺផ្នែកខាងក្រោមមានទទឹងធម្មតា តែនៅផ្នែកខាងលើភ្ជាប់គ្នាដោយសារកងមួយ។
25. ដូច្នេះ នៅប៉ែកខាងក្រោយមានស៊ុមចំនួនប្រាំបី និងជើងទ្រធ្វើពីប្រាក់ចំនួនដប់ប្រាំមួយ គឺជើងទ្រពីរសម្រាប់ស៊ុមនីមួយៗ។
26. ត្រូវយកឈើនាងនួនមកធ្វើជាឈើទទឹងចំនួនប្រាំ សម្រាប់បញ្ឈរស៊ុមនៅប៉ែកទីមួយរបស់ព្រះពន្លា
27. ឈើទទឹងប្រាំ សម្រាប់ប៉ែកទីពីរនៃព្រះពន្លា ហើយឈើទទឹងប្រាំទៀតសម្រាប់ប៉ែកខាងលិចនៃព្រះពន្លា។
28. ឈើទទឹងដែលនៅកណ្ដាល ត្រូវតែដាក់ចំពាក់កណ្ដាលស៊ុមទាំងអស់ ចាប់ពីចុងម្ខាងទៅចុងម្ខាងទៀតនៃព្រះពន្លា។
29. ត្រូវយកមាសស្រោបស៊ុមទាំងអស់ ព្រមទាំងធ្វើកងមាសសម្រាប់ស៊កឈើទទឹង ហើយឈើទទឹងនោះក៏ត្រូវស្រោបមាសដែរ។
30. ចូរដំឡើងព្រះពន្លាតាមគំរូ ដែលយើងបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។
31. ចូរធ្វើវាំងននមួយត្បាញដោយអំបោះធ្មៃ ដែលលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវតែប៉ាក់លំអដោយរូបចេរូប៊ីន។
32. ត្រូវថ្ពក់វាំងនននេះទៅនឹងបង្គោលបួន ដែលធ្វើពីឈើនាងនួនស្រោបមាស ដែលបញ្ឈរនៅលើជើងទ្របួនធ្វើអំពីប្រាក់ រីឯទំពក់ក៏ត្រូវធ្វើពីមាសដែរ។
33. ត្រូវយកទំពក់ទាំងនោះមកថ្ពក់វាំងនន រួចយកហិបដែលដាក់បន្ទះថ្មនៃសន្ធិសញ្ញា ទៅដាក់នៅខាងក្រោយវាំងនន។ វាំងនននេះខណ្ឌទីសក្ការៈ និងទីសក្ការៈបំផុត ឲ្យនៅដាច់ពីគ្នា។
34. បន្ទាប់មក ត្រូវយកគម្របមកគ្របលើហិបដែលដាក់បន្ទះថ្មនៃសន្ធិសញ្ញា នៅក្នុងទីសក្ការៈបំផុត។
35. ត្រូវដាក់តុនៅខាងមុខវាំងនន ប៉ែកខាងជើង ហើយដាក់ជើងចង្កៀងនៅចំពីមុខតុ គឺនៅប៉ែកខាងត្បូង។
36. រីឯទ្វារចូលព្រះពន្លា ត្រូវត្បាញវាំងននមួយទៀតពីអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវប៉ាក់ក្បាច់លំអដែរ។
37. ត្រូវយកឈើនាងនួនមកធ្វើសសរប្រាំដើម រួចស្រោបមាសទៀតផង។ ត្រូវថ្ពក់វាំងននភ្ជាប់ទៅនឹងសសរទាំងនោះ ដោយទំពក់មាស។ ត្រូវយកលង្ហិនធ្វើជើងទ្រចំនួនប្រាំ សម្រាប់ទ្រសសរទាំងនោះ។