1. ចូរធ្វើព្រះពន្លាពីក្រណាត់ក្រាស់ដប់ផ្ទាំង ដែលត្បាញដោយអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ។ ក្រណាត់ទាំងនោះត្រូវប៉ាក់លំអដោយរូបចេរូប៊ីន*។
2. ផ្ទាំងក្រណាត់ទាំងអស់ត្រូវមានទំហំប៉ុនៗគ្នា គឺបណ្ដោយប្រវែងម្ភៃប្រាំបីហត្ថ ទទឹងបួនហត្ថ។
3. ត្រូវដេរក្រណាត់ប្រាំផ្ទាំងជាប់គ្នា ហើយក្រណាត់ប្រាំផ្ទាំងទៀតក៏ត្រូវដេរជាប់គ្នាដែរ។
4. ត្រូវយកអំបោះពណ៌ស្វាយវេញធ្វើខ្សែដែលមានរាងដូចកង ដេរភ្ជាប់តាមជាយម្ខាងរបស់ផ្ទាំងក្រណាត់ធំៗទាំងពីរ។
5. ត្រូវមានខ្សែកងចំនួនហាសិបនៅតាមជាយនៃផ្ទាំងធំនីមួយៗ ហើយខ្សែកង ដែលស្ថិតនៅលើផ្ទាំងធំៗទាំងពីរនេះ ត្រូវនៅទន្ទឹមគ្នា។
6. ចូរធ្វើទំពក់មាសចំនួនហាសិប សម្រាប់ថ្ពក់ផ្ទាំងក្រណាត់ធំទាំងពីរជាប់គ្នា។ ដូច្នេះ មានក្រណាត់តែមួយផ្ទាំងធ្វើជាព្រះពន្លា។
7. បន្ទាប់មក ត្រូវត្បាញក្រណាត់ក្រាស់ដប់មួយផ្ទាំងអំពីរោមពពែ សម្រាប់គ្របពីលើព្រះពន្លា។
8. ផ្ទាំងក្រណាត់ទាំងដប់មួយត្រូវមានទំហំប៉ុនៗគ្នា គឺបណ្ដោយសាមសិបហត្ថ ទទឹងបួនហត្ថ។
9. មុនដំបូង ត្រូវយកក្រណាត់ប្រាំផ្ទាំងមកដេរភ្ជាប់គ្នា រួចទើបយកក្រណាត់ប្រាំមួយផ្ទាំងទៀត មកដេរភ្ជាប់គ្នាដែរ។ ផ្ទាំងទីប្រាំមួយត្រូវបត់ទម្លាក់ទៅខាងមុខពន្លា។
10. ចូរធ្វើខ្សែកងចំនួនហាសិប ដេរភ្ជាប់នៅជាយម្ខាងនៃផ្ទាំងក្រណាត់ធំៗទីពីរ។
11. ត្រូវធ្វើទំពក់លង្ហិនចំនួនហាសិប សម្រាប់ថ្ពក់ទៅក្នុងខ្សែកង ដើម្បីឲ្យបានទៅជាក្រណាត់តែមួយផ្ទាំង។
12. ក្រណាត់ដែលគ្របពីលើព្រះពន្លានេះ ត្រូវមានទំហំវែងជាងព្រះពន្លា ពាក់កណ្ដាលផ្ទាំង ហើយសាច់ក្រណាត់ដែលលើសនេះ ត្រូវបត់ទម្លាក់ទៅខាងក្រោយព្រះពន្លា។