23. ត្រូវធ្វើតុមួយពីឈើនាងនួន ដែលមានបណ្ដោយពីរហត្ថ ទទឹងមួយហត្ថ និងកំពស់មួយហត្ថកន្លះ។
24. ត្រូវយកមាសសុទ្ធមកស្រោបតុនោះ ព្រមទាំងធ្វើគែមមាសព័ទ្ធជុំវិញទៀតផង។
25. នៅតាមជ្រុងទាំងបួន ត្រូវធ្វើក្របដែលមានកំពស់មួយទះ ហើយធ្វើក្បាច់ជាមាសព័ទ្ធជុំវិញផង។
26. ត្រូវធ្វើកងមាសបួនដាក់ភ្ជាប់ទៅនឹងមុមទាំងបួន ត្រង់កន្លែងដែលមានជើងតុ។
27. កងមាសទាំងបួនត្រូវដាក់នៅជិតក្រប ដើម្បីស៊កឈើស្នែងសែងតុ។
28. ត្រូវយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង ដើម្បីសែងតុនោះ។
29. ត្រូវយកមាសសុទ្ធមកធ្វើថាស ថូ ចានគោម និងពែងសម្រាប់ប្រើក្នុងពិធីច្រួចស្រា និងប្រេងដាក់នៅលើតុនោះ។
30. ត្រូវតម្កល់នំប៉័ងនៅលើតុនោះ ទុកជាតង្វាយអចិន្ត្រៃយ៍នៅចំពោះមុខយើង។
31. ត្រូវយកមាសសុទ្ធតែមួយដុំមកដំធ្វើជើងចង្កៀង ហើយជើងចង្កៀងមាសនេះត្រូវឆ្លាក់ក្បាច់រចនា ទាំងផ្នែកខាងក្រោម ទាំងតួ ទាំងមែក និងផ្នែកដាក់ប្រេង។
32. មានមែកប្រាំមួយបែកចេញពីតួដែលនៅកណ្ដាល គឺម្ខាងមានមែកបី ហើយម្ខាងទៀតក៏មានមែកបីដែរ។
33. ក្នុងចំណោមមែកទាំងប្រាំមួយនោះ មែកនីមួយៗមានក្បាច់បីគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ ជាបន្តបន្ទាប់គ្នា។
34. រីឯតួដែលនៅកណ្ដាល មានក្បាច់បួនគន្លាក់ រាងដូចទងផ្កាត្របកផ្កា និងស្រទាប់ផ្កាក្រពុំ។
35. មានស្រទាប់ផ្កាក្រពុំបីនៅខាងក្រោមមែកទាំងបីគូ ដែលបែកចេញពីតួកណ្ដាល។
36. ស្រទាប់ផ្កាក្រពុំ និងមែក ត្រូវឆ្លាក់ជាក្បាច់រចនាពីមាសសុទ្ធតែមួយដុំ។