12. ត្រូវធ្វើកងមាសបួន ដាក់ភ្ជាប់ទៅនឹងមុមទាំងបួន គឺម្ខាងពីរៗ។
13. ត្រូវយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង។
14. ត្រូវស៊កឈើស្នែងទៅក្នុងកងដែលនៅសងខាងហិប ដើម្បីសែងហិបនោះ។
15. ឈើស្នែងត្រូវនៅជាប់នឹងកងរបស់ហិបជានិច្ច មិនត្រូវដកចេញឡើយ។
16. ចូរដាក់បន្ទះថ្មនៃសន្ធិសញ្ញារបស់សម្ពន្ធមេត្រី* ដែលយើងឲ្យដល់អ្នកក្នុងហិបនេះ។
17. ត្រូវឲ្យគេធ្វើគម្របហិបពីមាសសុទ្ធ ដែលមានបណ្ដោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។
18. ត្រូវយកមាសមកឆ្លាក់ធ្វើរូបចេរូប៊ីនពីរ ដាក់នៅចុងគម្របហិបទាំងសងខាង
19. ត្រូវដាក់ភ្ជាប់រូបចេរូប៊ីន*ទាំងពីរនោះទៅនឹងគម្របហិប គឺចេរូប៊ីននីមួយៗត្រូវភ្ជាប់ទៅនឹងចុងម្ខាង។
20. ត្រូវដាក់ចេរូប៊ីនទាំងពីរប្រឈមមុខគ្នា ដោយឈ្ងោកមុខទៅរកគម្របហិប ព្រមទាំងត្រដាងស្លាបការពារគម្របហិបនេះទៀតផង។
21. ចូរដាក់បន្ទះថ្មនៃសន្ធិសញ្ញា ដែលយើងនឹងប្រគល់ឲ្យអ្នក ទៅក្នុងហិប រួចយកគម្របមកគ្រប។
22. យើងនឹងមកជួបអ្នកនៅលើគម្របហិប ត្រង់ចន្លោះចេរូប៊ីនទាំងពីរដែលនៅពីលើហិបនៃសម្ពន្ធមេត្រី។ យើងនឹងប្រាប់អ្នកអំពីបទបញ្ជាទាំងប៉ុន្មាន ដែលត្រូវបង្គាប់ដល់កូនចៅអ៊ីស្រាអែល។
23. ត្រូវធ្វើតុមួយពីឈើនាងនួន ដែលមានបណ្ដោយពីរហត្ថ ទទឹងមួយហត្ថ និងកំពស់មួយហត្ថកន្លះ។
24. ត្រូវយកមាសសុទ្ធមកស្រោបតុនោះ ព្រមទាំងធ្វើគែមមាសព័ទ្ធជុំវិញទៀតផង។
25. នៅតាមជ្រុងទាំងបួន ត្រូវធ្វើក្របដែលមានកំពស់មួយទះ ហើយធ្វើក្បាច់ជាមាសព័ទ្ធជុំវិញផង។