1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2. «ចូរប្រាប់ជនជាតិអ៊ីស្រាអែលឲ្យយកតង្វាយ ដែលគេបានញែកទុក មកថ្វាយយើង។ ត្រូវទទួលយកតង្វាយពីអ្នកដែលថ្វាយ ដោយស្ម័គ្រចិត្ត។
3. តង្វាយដែលអ្នកត្រូវទទួលពីគេ គឺមាស ប្រាក់ លង្ហិន
4. ក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ ក្រណាត់ទេសឯក ក្រណាត់ធ្វើពីរោមពពែ
5. ស្បែកពពែជ្រលក់ពណ៌ក្រហម ស្បែកផ្សោត និងឈើនាងនួន
6. ប្រេងសម្រាប់ដុតបំភ្លឺ ប្រេងក្រអូបសម្រាប់ពិធីលាបប្រេង និងគ្រឿងក្រអូបសម្រាប់ដុត
7. ត្បូងមណីជោតិរស និងត្បូងដ៏មានតម្លៃផ្សេងៗ សម្រាប់ដាំនៅលើអាវអេផូដ* និងសម្រាប់លំអដើមទ្រូងបូជាចារ្យ។
8. ពួកគេត្រូវសង់ទីសក្ការៈមួយសម្រាប់យើង ដើម្បីឲ្យយើងស្នាក់នៅក្នុងចំណោមពួកគេ។
9. អ្នករាល់គ្នាត្រូវសង់ព្រះពន្លា និងធ្វើគ្រឿងបរិក្ខារទាំងប៉ុន្មាន តាមគំរូដែលយើងនឹងបង្ហាញអ្នក»។
10. ពួកគេត្រូវធ្វើហិបមួយពីឈើនាងនួន ហិបនោះមានបណ្ដោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកំពស់មួយហត្ថកន្លះ។
11. ត្រូវយកមាសសុទ្ធស្រោបហិបនោះ ទាំងខាងក្នុង ទាំងខាងក្រៅ ហើយគែមដែលព័ទ្ធជុំវិញ ក៏ត្រូវធ្វើពីមាសដែរ។
12. ត្រូវធ្វើកងមាសបួន ដាក់ភ្ជាប់ទៅនឹងមុមទាំងបួន គឺម្ខាងពីរៗ។
13. ត្រូវយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង។
14. ត្រូវស៊កឈើស្នែងទៅក្នុងកងដែលនៅសងខាងហិប ដើម្បីសែងហិបនោះ។
15. ឈើស្នែងត្រូវនៅជាប់នឹងកងរបស់ហិបជានិច្ច មិនត្រូវដកចេញឡើយ។
16. ចូរដាក់បន្ទះថ្មនៃសន្ធិសញ្ញារបស់សម្ពន្ធមេត្រី* ដែលយើងឲ្យដល់អ្នកក្នុងហិបនេះ។