8. លោកម៉ូសេយកឈាមទៅប្រោះលើប្រជាជន ទាំងពោលថា៖ «នេះជាឈាមនៃសម្ពន្ធមេត្រីដែលព្រះអម្ចាស់បានចងជាមួយអ្នករាល់គ្នា ដោយមានព្រះបន្ទូលទាំងនេះជាកិច្ចព្រមព្រៀង»។
9. លោកម៉ូសេឡើងទៅលើភ្នំជាមួយលោកអើរ៉ុន លោកណាដាប និងលោកអប៊ីហ៊ូវ ព្រមទាំងព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែលទាំងចិតសិបនាក់។
10. ពួកលោកបានឃើញព្រះរបស់ជនជាតិអ៊ីស្រាអែល។ នៅក្រោមព្រះបាទាព្រះអង្គ មានដូចជាត្បូងកណ្ដៀងសុទ្ធ ភ្លឺថ្លាដូចផ្ទៃមេឃ។
11. ព្រះជាម្ចាស់ពុំបានប្រហារវរជនរបស់ជនជាតិអ៊ីស្រាអែលទេ។ អស់លោកទាំងនោះបានឃើញព្រះជាម្ចាស់ ហើយនាំគ្នាធ្វើពិធីជប់លៀង។
12. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងមករកយើងនៅលើភ្នំ ហើយរង់ចាំនៅទីនេះសិន យើងនឹងប្រគល់បន្ទះថ្មឲ្យអ្នក នៅលើបន្ទះថ្ម យើងបានចារឹកក្រឹត្យវិន័យ និងបទបញ្ជា ដែលអ្នកត្រូវយកទៅបង្រៀនប្រជាជន»។
13. លោកម៉ូសេក៏ឡើងទៅលើភ្នំរបស់ព្រះជាម្ចាស់ជាមួយលោកយ៉ូស្វេ ជាសហការីរបស់លោក។
14. លោកផ្ដាំព្រឹទ្ធាចារ្យថា៖ «សូមអស់លោករង់ចាំនៅទីនេះ រហូតដល់ពួកយើងត្រឡប់មកវិញ។ លោកអើរ៉ុន និងលោកហ៊ើរ នៅទីនេះជាមួយអស់លោក ប្រសិនបើអ្នកណាមានបញ្ហាអ្វីដែលត្រូវដោះស្រាយ ត្រូវឲ្យអ្នកនោះទៅជួបលោកទាំងពីរចុះ»។