1. ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរនាំអើរ៉ុន ណាដាប អប៊ីហ៊ូវ និងព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែល ចំនួនចិតសិបនាក់ ឡើងមកជួបព្រះអម្ចាស់នៅលើភ្នំ។ ចូរនាំគ្នាក្រាបថ្វាយបង្គំពីចម្ងាយ។
2. មានតែម៉ូសេម្នាក់ប៉ុណ្ណោះ ដែលអាចមកជិតព្រះអម្ចាស់បាន។ អ្នកឯទៀតៗពុំអាចមកជិតបានទេ ហើយប្រជាជនក៏មិនត្រូវឡើងមកលើភ្នំជាមួយម៉ូសេដែរ»។
3. លោកម៉ូសេក៏នាំព្រះបន្ទូល និងវិន័យទាំងប៉ុន្មានរបស់ព្រះអម្ចាស់មកប្រាប់ប្រជាជន។ ប្រជាជនទាំងមូលឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូល»។
4. លោកម៉ូសេបានកត់ត្រាទុកនូវព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់។ ស្អែកឡើង លោកក្រោកពីព្រលឹម លោកសង់អាសនៈមួយនៅជើងភ្នំ និងបញ្ឈរស្តូបដប់ពីរ ជាតំណាងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។
5. បន្ទាប់មក លោកចាត់ពួកយុវជនអ៊ីស្រាអែលឲ្យថ្វាយតង្វាយដុតទាំងមូល ហើយសម្លាប់គោបាធ្វើជាយញ្ញបូជាមេត្រីភាព*ថ្វាយព្រះអម្ចាស់។
6. លោកម៉ូសេយកឈាមពាក់កណ្ដាលចាក់ទៅក្នុងផើង ហើយពាក់កណ្ដាលទៀត ប្រោះទៅលើអាសនៈ។
7. បន្ទាប់មក លោកយកគម្ពីរនៃសម្ពន្ធមេត្រីមកអានឲ្យប្រជាជនស្ដាប់ ហើយពួកគេពោលថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិ និងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូល»។