27. មុនពេលអ្នកទៅដល់ យើងនឹងធ្វើឲ្យជាតិសាសន៍ទាំងអស់ញ័ររន្ធត់ យើងនឹងធ្វើឲ្យខ្មាំងសត្រូវរបស់អ្នក បាក់ទ័ព រត់ប្រាសអាយុ។
28. យើងនឹងចាត់សត្វឪម៉ាល់ ឲ្យទៅមុនអ្នក ដើម្បីដេញកំចាត់ជនជាតិហេវី ជនជាតិកាណាន និងជនជាតិហេត ចេញឆ្ងាយពីអ្នក។
29. យើងនឹងមិនបណ្ដេញពួកគេឲ្យអស់ ក្នុងរយៈពេលតែមួយឆ្នាំទេ ក្រែងលោទឹកដីក្លាយទៅជាទីស្មសាន ហើយមានសត្វព្រៃរស់នៅកាន់តែច្រើនឡើងៗ នាំតែបង្កការលំបាកដល់អ្នក។
30. យើងនឹងបណ្ដេញពួកគេចេញពីមុខអ្នក បន្តិចម្ដងៗ រហូតទាល់តែអ្នកកើនចំនួនច្រើនឡើង ល្មមនឹងកាន់កាប់ទឹកដីនោះជាកម្មសិទ្ធិបាន។
31. យើងនឹងកំណត់ព្រំប្រទល់ស្រុករបស់អ្នក ដែលលាតសន្ធឹងពីសមុទ្រកក់ រហូតដល់សមុទ្រមេឌីទែរ៉ាណេ ពីវាលរហោស្ថានស៊ីណៃ រហូតដល់ទន្លេអឺប្រាត។ យើងនឹងប្រគល់ប្រជាជននៅតំបន់នោះ មកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា ហើយអ្នកត្រូវបណ្ដេញពួកគេចេញពីមុខអ្នក។
32. កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬជាមួយព្រះទាំងឡាយរបស់ពួកគេឡើយ។
33. មិនត្រូវទុកឲ្យជាតិសាសន៍ទាំងនោះ រស់នៅក្នុងស្រុករបស់អ្នកឡើយ ក្រែងលោគេនាំអ្នកឲ្យប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង។ បើអ្នកគោរពបម្រើព្រះរបស់ពួកគេ នោះអ្នកនឹងត្រូវធ្លាក់ទៅក្នុងអន្ទាក់របស់គេជាមិនខាន។