15. ត្រូវធ្វើពិធីបុណ្យនំប៉័ងឥតមេ គឺអ្នកត្រូវបរិភោគនំប៉័ងឥតមេចំនួនប្រាំពីរថ្ងៃ នៅខែចេត្រ ដូចយើងបានបង្គាប់ និងកំណត់ទុក ព្រោះនៅខែនោះ អ្នកបានចេញពីស្រុកអេស៊ីប។ ក្នុងឱកាសបុណ្យនោះ មិនត្រូវចូលមករកយើង ដោយដៃទទេឡើយ។
16. បន្ទាប់មក អ្នកត្រូវធ្វើពិធីបុណ្យចម្រូត នៅពេលអ្នកចាប់ផ្ដើមច្រូតកាត់ផលដំបូងពីស្រែចម្ការ ដែលអ្នកបានសាបព្រោះ។ ចុងឆ្នាំ ត្រូវធ្វើពិធីបុណ្យប្រមូលភោគផល នៅពេលអ្នកបានប្រមូលផលដំណាំរបស់អ្នករួចរាល់អស់ហើយ។
17. រៀងរាល់ឆ្នាំ ប្រុសៗទាំងអស់ក្នុងចំណោមប្រជាជន ត្រូវមកបង្ហាញខ្លួននៅចំពោះព្រះភ័ក្ត្រព្រះជាអម្ចាស់ ជាព្រះរបស់អ្នក ចំនួនបីដង។
18. មិនត្រូវយកនំប៉័ងមានមេមកថ្វាយជាមួយឈាមនៃយញ្ញបូជាឡើយ ហើយក៏មិនត្រូវរក្សាទុកខ្លាញ់នៃយញ្ញបូជា រហូតដល់ព្រឹកស្អែកដែរ។
19. ចូរនាំយកភោគផលដំបូងបង្អស់ នៃដំណាំរបស់អ្នករាល់គ្នា មកថ្វាយក្នុងដំណាក់នៃព្រះអម្ចាស់ ជាព្រះរបស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
20. យើងនឹងចាត់ទេវតា*មួយរូបឲ្យដើរនៅមុខអ្នក ដើម្បីការពារអ្នកនៅតាមផ្លូវ។ ទេវតានឹងនាំអ្នកចូលទៅក្នុងស្រុក ដែលយើងបានរៀបចំទុកសម្រាប់អ្នក។
21. អ្នកត្រូវតែយកចិត្តទុកដាក់ស្ដាប់បង្គាប់ទេវតា ហើយមិនត្រូវធ្វើអ្វីប្រឆាំងនឹងលោកឡើយ។ បើអ្នកបះបោរ ទេវតាមិនអត់ទោសឲ្យទេ ដ្បិតលោកជាតំណាងរបស់យើង។
22. ប្រសិនបើអ្នកស្ដាប់បង្គាប់ទេវតា ហើយប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់អ្នក នោះយើងនឹងធ្វើជាសត្រូវប្រឆាំងនឹងសត្រូវរបស់អ្នក ហើយយើងក៏ធ្វើជាបច្ចាមិត្តប្រឆាំងនឹងបច្ចាមិត្តរបស់អ្នកដែរ។
23. ទេវតារបស់យើងនឹងដើរពីមុខអ្នក ហើយនាំអ្នកចូលទៅក្នុងទឹកដីរបស់ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិកាណាន ជនជាតិហេវី និងជនជាតិយេប៊ូស។ យើងនឹងបំផ្លាញអ្នកទាំងនោះឲ្យវិនាសសូន្យ។