1. កុំផ្សព្វផ្សាយរឿងមិនពិត ហើយក៏កុំធ្វើជាសាក្សីក្លែងក្លាយ ដើម្បីជួយមនុស្សអាក្រក់ដែរ។
2. កុំបណ្ដោយខ្លួនទៅតាមមនុស្សភាគច្រើន ដើម្បីសម្រេចការអាក្រក់ឡើយ កុំទុកឲ្យមនុស្សភាគច្រើនទាក់ទាញអ្នកធ្វើជាសាក្សីក្លែងក្លាយ បង្វែរយុត្តិធម៌ឲ្យសោះ។
3. នៅពេលកាត់ក្ដី មិនត្រូវយោគយល់ដល់អ្នកណាទាំងអស់ ទោះបីអ្នកនោះជាអ្នកក្រីក្រក៏ដោយ។
4. ប្រសិនបើអ្នកប្រទះឃើញគោ ឬលារបស់សត្រូវវង្វេង នោះត្រូវតែនាំវាទៅឲ្យម្ចាស់វាវិញ។
5. បើអ្នកឃើញលារបស់ជនដែលស្អប់អ្នកទន់ជង្គង់ដួល ព្រោះតែផ្ទុកធ្ងន់ពេក នោះមិនត្រូវធ្វើព្រងើយទេ គឺត្រូវតែជួយគេរៀបចំឥវ៉ាន់នៅលើសត្វនោះផង។
6. នៅពេលកាត់ក្ដី មិនត្រូវរំលោភលើសិទ្ធិរបស់ជនក្រីក្រឡើយ។
7. កុំយកចិត្តទុកដាក់ស្ដាប់ពាក្យចោទប្រកាន់មិនពិត ហើយក៏មិនត្រូវកាត់ទោសប្រហារជីវិតជនស្លូតត្រង់ និងជនសុចរិតដែរ ដ្បិតយើងមិនចាត់ទុកមនុស្សអាក្រក់ ថាជាមនុស្សសុចរិតឡើយ។
8. កុំទទួលសំណូក ដ្បិតសំណូករមែងធ្វើឲ្យមនុស្សភ្លឺទៅជាខ្វាក់ ព្រមទាំងធ្វើឲ្យមនុស្សសុចរិតចាញ់ក្ដី។
9. កុំសង្កត់សង្កិនជនបរទេសឡើយ អ្នករាល់គ្នាធ្លាប់ស្គាល់ការរស់នៅជាជនបរទេសហើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេស ក្នុងស្រុកអេស៊ីបដែរ។
10. ក្នុងរយៈពេលប្រាំមួយឆ្នាំ អ្នកអាចសាបព្រោះ និងប្រមូលផលពីស្រែចម្ការរបស់អ្នកបាន។
11. ប៉ុន្តែ នៅឆ្នាំទីប្រាំពីរត្រូវទុកដីនៅទំនេរ ដើម្បីឲ្យជនក្រីក្រ ក្នុងចំណោមប្រជាជនរបស់អ្នក អាចរកអាហារពីដីទាំងនោះ ហើយសត្វព្រៃនឹងមកស៊ីអ្វីៗដែលនៅសេសសល់។ ត្រូវធ្វើបែបនេះចំពោះចម្ការទំពាំងបាយជូរ និងចម្ការអូលីវរបស់អ្នកដែរ។
12. ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នកអាចធ្វើការងាររបស់អ្នកបាន ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នកត្រូវគោរពថ្ងៃសប្ប័ទ* ដើម្បីឲ្យគោ និងលារបស់អ្នកបានសម្រាក ហើយឲ្យខ្ញុំបម្រើ និងជនបរទេសបានសម្រាកដែរ។