និក្ខមនំ 22:19-31 Khmer Standard Version (KHSV)

19. អ្នក​រួមរ័ក​ជា​មួយ​សត្វ ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត។

20. អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ដទៃ ក្រៅ​ពី​ព្រះ‌អម្ចាស់ ត្រូវ​តែ​សម្លាប់​ចោល។

21. មិន​ត្រូវ​ជិះ‌ជាន់ ឬ​សង្កត់‌សង្កិន​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស​នៅ​ស្រុក​អេស៊ីប​ដែរ។

22. មិន​ត្រូវ​ធ្វើ​បាប​ស្ត្រី​មេម៉ាយ ឬ​ក្មេង​កំព្រា​ឡើយ។

23. ប្រសិន​បើ​អ្នក​ធ្វើ​បាប​ពួក​គេ ហើយ​ពួក​គេ​ស្រែក​ហៅ​យើង យើង​ប្រាកដ​ជា​ស្ដាប់​សម្រែក​របស់​ពួក​គេ។

24. យើង​នឹង​ខឹង​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង យើង​នឹង​ប្រហារ​អ្នក​រាល់​គ្នា​ដោយ​មុខ​ដាវ ប្រពន្ធ​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ស្ត្រី​មេម៉ាយ ហើយ​កូន​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ក្មេង​កំព្រា។

25. ប្រសិន​បើ​អ្នក​ឲ្យ​ជន​ទុគ៌ត​ណា​ម្នាក់ ក្នុង​ចំណោម​ប្រជា‌ជន​របស់​យើង​ខ្ចី​ប្រាក់ មិន​ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​ដូច​ជា​អ្នក​ចង​ការ​ប្រាក់​ឡើយ គឺ​កុំ​ទារ​ការ​ប្រាក់​ពី​គេ​ជា​ដាច់​ខាត។

26. ប្រសិន​បើ​អ្នក​រាល់​គ្នា​ទទួល​អាវ​ធំ​ដែល​អ្នក​ដទៃ​យក​មក​បញ្ចាំ ត្រូវ​ប្រគល់​ទៅ​គេ​វិញ​មុន​ពេល​ថ្ងៃ​លិច

27. ដ្បិត​អ្នក​នោះ​គ្មាន​អ្វី​ផ្សេង​ទៀត​ដណ្ដប់​ទេ បើ​គ្នា​គ្មាន​អាវ​ធំ តើ​បាន​អ្វី​ដណ្ដប់​នៅ​ពេល​ដេក? ប្រសិន​បើ​គេ​ស្រែក​រក​យើង យើង​នឹង​ស្ដាប់​ពាក្យ​គេ ដ្បិត​យើង​មាន​ចិត្ត​អាណិត​មេត្តា។

28. មិន​ត្រូវ​ជេរ​ប្រមាថ​ព្រះ‌ជាម្ចាស់ ហើយ​ក៏​មិន​ត្រូវ​ប្រទេច‌ផ្ដាសា​អ្នក​ដឹក​នាំ​ប្រជា‌ជន​របស់​អ្នក​ដែរ។

29. ត្រូវ​យក​ភោគ‌ផល​ដំបូង​នៃ​ស្រែ​ចម្ការ​របស់​អ្នក​មក​ឲ្យ​យើង កុំ​បី​អាក់‌ខាន​ឡើយ។ ត្រូវ​ញែក​កូន​ប្រុស​ច្បង​របស់​អ្នក​ទុក​សម្រាប់​យើង។

30. រីឯ​កូន​ដំបូង​របស់​គោ និង​ចៀម ក៏​ត្រូវ​ញែក​ទុក​ឲ្យ​យើង​ដែរ។ ត្រូវ​ទុក​កូន​គោ ឬ​កូន​ចៀម​ឲ្យ​នៅ​ជា​មួយ​មេ​វា ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ​បី ត្រូវ​យក​មក​ឲ្យ​យើង។

31. យើង​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មនុស្ស​ដ៏‌វិសុទ្ធ ដូច្នេះ មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ដែល​សត្វ​ព្រៃ​ហែក​ស៊ី​នោះ​ឡើយ តែ​ត្រូវ​បោះ​សាច់​នោះ​ទៅ​ឲ្យ​ឆ្កែ​ស៊ី​វិញ។

និក្ខមនំ 22