16. បើអ្នកណាល្បួងស្ត្រីក្រមុំដែលមិនទាន់មានគូដណ្ដឹង ហើយរួមរ័កជាមួយនាង អ្នកនោះត្រូវបង់បណ្ដាការ រួចយកនាងធ្វើជាភរិយា។
17. ប្រសិនបើឪពុកនាងប្រកែកដាច់ខាតមិនព្រមលើកនាងឲ្យទេ អ្នកនោះត្រូវបង់ប្រាក់តាមតម្លៃបណ្ដាការ សម្រាប់ស្ត្រីក្រមុំ។
18. មិនត្រូវទុកឲ្យស្ត្រីអាបធ្មប់នៅរស់ឡើយ។
19. អ្នករួមរ័កជាមួយសត្វ ត្រូវតែទទួលទោសដល់ជីវិត។
20. អ្នកដែលថ្វាយយញ្ញបូជាដល់ព្រះដទៃ ក្រៅពីព្រះអម្ចាស់ ត្រូវតែសម្លាប់ចោល។
21. មិនត្រូវជិះជាន់ ឬសង្កត់សង្កិនជនបរទេសដែលរស់នៅជាមួយអ្នកឡើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។
22. មិនត្រូវធ្វើបាបស្ត្រីមេម៉ាយ ឬក្មេងកំព្រាឡើយ។
23. ប្រសិនបើអ្នកធ្វើបាបពួកគេ ហើយពួកគេស្រែកហៅយើង យើងប្រាកដជាស្ដាប់សម្រែករបស់ពួកគេ។
24. យើងនឹងខឹងអ្នករាល់គ្នាយ៉ាងខ្លាំង យើងនឹងប្រហារអ្នករាល់គ្នាដោយមុខដាវ ប្រពន្ធរបស់អ្នករាល់គ្នានឹងទៅជាស្ត្រីមេម៉ាយ ហើយកូនរបស់អ្នករាល់គ្នានឹងទៅជាក្មេងកំព្រា។
25. ប្រសិនបើអ្នកឲ្យជនទុគ៌តណាម្នាក់ ក្នុងចំណោមប្រជាជនរបស់យើងខ្ចីប្រាក់ មិនត្រូវប្រព្រឹត្តចំពោះគេដូចជាអ្នកចងការប្រាក់ឡើយ គឺកុំទារការប្រាក់ពីគេជាដាច់ខាត។
26. ប្រសិនបើអ្នករាល់គ្នាទទួលអាវធំដែលអ្នកដទៃយកមកបញ្ចាំ ត្រូវប្រគល់ទៅគេវិញមុនពេលថ្ងៃលិច
27. ដ្បិតអ្នកនោះគ្មានអ្វីផ្សេងទៀតដណ្ដប់ទេ បើគ្នាគ្មានអាវធំ តើបានអ្វីដណ្ដប់នៅពេលដេក? ប្រសិនបើគេស្រែករកយើង យើងនឹងស្ដាប់ពាក្យគេ ដ្បិតយើងមានចិត្តអាណិតមេត្តា។
28. មិនត្រូវជេរប្រមាថព្រះជាម្ចាស់ ហើយក៏មិនត្រូវប្រទេចផ្ដាសាអ្នកដឹកនាំប្រជាជនរបស់អ្នកដែរ។
29. ត្រូវយកភោគផលដំបូងនៃស្រែចម្ការរបស់អ្នកមកឲ្យយើង កុំបីអាក់ខានឡើយ។ ត្រូវញែកកូនប្រុសច្បងរបស់អ្នកទុកសម្រាប់យើង។
30. រីឯកូនដំបូងរបស់គោ និងចៀម ក៏ត្រូវញែកទុកឲ្យយើងដែរ។ ត្រូវទុកកូនគោ ឬកូនចៀមឲ្យនៅជាមួយមេវា ក្នុងរយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបី ត្រូវយកមកឲ្យយើង។
31. យើងចាត់ទុកអ្នករាល់គ្នាជាមនុស្សដ៏វិសុទ្ធ ដូច្នេះ មិនត្រូវបរិភោគសាច់សត្វដែលសត្វព្រៃហែកស៊ីនោះឡើយ តែត្រូវបោះសាច់នោះទៅឲ្យឆ្កែស៊ីវិញ។