11. ទាំងអ្នកផ្ញើសត្វ ទាំងអ្នកទទួលបញ្ញើ ត្រូវនាំគ្នាទៅនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយអ្នកទទួលបញ្ញើត្រូវស្បថថា គាត់មិនបានធ្វើអ្វីប៉ះពាល់សត្វរបស់គេឡើយ។ ម្ចាស់សត្វត្រូវតែទទួលយកពាក្យសម្បថនេះ រីឯអ្នកទទួលបញ្ញើក៏មិនត្រូវសងជំងឺចិត្តដែរ។
12. ផ្ទុយទៅវិញ បើមានចោរលួចសត្វនោះនៅផ្ទះរបស់អ្នកទទួលបញ្ញើ គាត់ត្រូវតែសងជំងឺចិត្តទៅម្ចាស់សត្វ។
13. ប្រសិនបើសត្វនោះងាប់ដោយសារសត្វព្រៃហែកស៊ី អ្នកទទួលបញ្ញើត្រូវយកចំណែក ដែលនៅសល់មកធ្វើជាភស្ដុតាង ហើយគាត់មិនត្រូវសងជំងឺចិត្តទេ។
14. ប្រសិនបើអ្នកណាខ្ចីសត្វពាហនៈពីអ្នកជិតខាងខ្លួន ហើយសត្វនោះត្រូវរបួស ឬងាប់ ពេលម្ចាស់មិននៅ អ្នកនោះត្រូវតែសងជំងឺចិត្ត។ ប៉ុន្តែ បើម្ចាស់នៅជាមួយដែរ នោះអ្នកខ្ចីមិនត្រូវសងអ្វីទេ។
15. ប្រសិនបើគាត់ជួលសត្វនោះមក គាត់ត្រូវតែបង់ថ្លៃឈ្នួល។
16. បើអ្នកណាល្បួងស្ត្រីក្រមុំដែលមិនទាន់មានគូដណ្ដឹង ហើយរួមរ័កជាមួយនាង អ្នកនោះត្រូវបង់បណ្ដាការ រួចយកនាងធ្វើជាភរិយា។
17. ប្រសិនបើឪពុកនាងប្រកែកដាច់ខាតមិនព្រមលើកនាងឲ្យទេ អ្នកនោះត្រូវបង់ប្រាក់តាមតម្លៃបណ្ដាការ សម្រាប់ស្ត្រីក្រមុំ។
18. មិនត្រូវទុកឲ្យស្ត្រីអាបធ្មប់នៅរស់ឡើយ។
19. អ្នករួមរ័កជាមួយសត្វ ត្រូវតែទទួលទោសដល់ជីវិត។
20. អ្នកដែលថ្វាយយញ្ញបូជាដល់ព្រះដទៃ ក្រៅពីព្រះអម្ចាស់ ត្រូវតែសម្លាប់ចោល។
21. មិនត្រូវជិះជាន់ ឬសង្កត់សង្កិនជនបរទេសដែលរស់នៅជាមួយអ្នកឡើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។
22. មិនត្រូវធ្វើបាបស្ត្រីមេម៉ាយ ឬក្មេងកំព្រាឡើយ។
23. ប្រសិនបើអ្នកធ្វើបាបពួកគេ ហើយពួកគេស្រែកហៅយើង យើងប្រាកដជាស្ដាប់សម្រែករបស់ពួកគេ។
24. យើងនឹងខឹងអ្នករាល់គ្នាយ៉ាងខ្លាំង យើងនឹងប្រហារអ្នករាល់គ្នាដោយមុខដាវ ប្រពន្ធរបស់អ្នករាល់គ្នានឹងទៅជាស្ត្រីមេម៉ាយ ហើយកូនរបស់អ្នករាល់គ្នានឹងទៅជាក្មេងកំព្រា។
25. ប្រសិនបើអ្នកឲ្យជនទុគ៌តណាម្នាក់ ក្នុងចំណោមប្រជាជនរបស់យើងខ្ចីប្រាក់ មិនត្រូវប្រព្រឹត្តចំពោះគេដូចជាអ្នកចងការប្រាក់ឡើយ គឺកុំទារការប្រាក់ពីគេជាដាច់ខាត។
26. ប្រសិនបើអ្នករាល់គ្នាទទួលអាវធំដែលអ្នកដទៃយកមកបញ្ចាំ ត្រូវប្រគល់ទៅគេវិញមុនពេលថ្ងៃលិច