6. នោះចៅហ្វាយត្រូវនាំគេចូលទៅជិតព្រះជាម្ចាស់ ហើយឲ្យខ្ញុំបម្រើនោះឈរនៅមាត់ទ្វារ ឬផ្អែកទៅនឹងក្របទ្វារផ្ទះ រួចចៅហ្វាយយកដែកមកចោះត្រចៀកគេ។ ដូច្នេះ អ្នកនោះនឹងនៅបម្រើចៅហ្វាយរហូតតទៅ។
7. ប្រសិនបើបុរសម្នាក់លក់កូនស្រីរបស់ខ្លួនឲ្យធ្វើជាខ្ញុំបម្រើគេ នាងនឹងមិនទទួលសេរីភាពដូចខ្ញុំបម្រើឯទៀតៗទេ។
8. ប្រសិនបើចៅហ្វាយទិញនាងយកមកធ្វើជាប្រពន្ធ ហើយបែរជាលែងពេញចិត្តនឹងនាង ត្រូវឲ្យឪពុករបស់នាងលោះនាងយកទៅវិញ។ ចៅហ្វាយគ្មានសិទ្ធិលក់នាងទៅឲ្យសាសន៍ដទៃឡើយ ធ្វើដូច្នេះ ជាការបោកប្រាស់។
9. ប្រសិនបើចៅហ្វាយទិញនាងយកមកធ្វើជាប្រពន្ធរបស់កូនប្រុសខ្លួន គាត់ត្រូវប្រព្រឹត្តចំពោះនាងតាមច្បាប់សម្រាប់កូនស្រី។
10. ប្រសិនបើចៅហ្វាយយកប្រពន្ធមួយទៀត នោះគាត់មិនត្រូវកាត់បន្ថយអ្វីៗពីប្រពន្ធមុនឡើយ ទោះជាម្ហូបអាហារ សម្លៀកបំពាក់ ឬសិទ្ធិជាប្រពន្ធក្ដី។
11. ប្រសិនបើគាត់ប្រព្រឹត្តចំពោះនាង មិនត្រឹមត្រូវតាមលក្ខខណ្ឌទាំងបីនេះទេ នាងអាចទទួលសេរីភាព ហើយចាកចេញទៅដោយមិនបាច់បង់ថ្លៃអ្វីឡើយ។
12. អ្នកណាវាយមនុស្សរហូតដល់ស្លាប់ អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។
13. ប្រសិនអ្នកនោះធ្វើឲ្យគេស្លាប់ដោយអចេតនា យើងនឹងបង្កើតកន្លែងមួយ សម្រាប់ឲ្យគេរត់ទៅជ្រកកោន។
14. ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់សម្លាប់មនុស្សដោយចេតនា ទោះបីគេរត់មកជ្រកនៅអាសនៈរបស់យើងក្ដី ក៏ត្រូវយកគេចេញទៅសម្លាប់ដែរ។
15. អ្នកណាវាយមាតាបិតា អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។
16. អ្នកណាចាប់មនុស្សយកទៅលក់ ឬទុកនៅក្នុងកណ្ដាប់ដៃរបស់ខ្លួន អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។
17. អ្នកណាជេរប្រទេចផ្ដាសាមាតាបិតា អ្នកនោះត្រូវទទួលទោសដល់ស្លាប់។
18. នៅពេលឈ្លោះគ្នា ប្រសិនបើម្នាក់យកដុំថ្មគប់ ឬដាល់គូវិវាទរបស់ខ្លួន រហូតដល់របួសធ្ងន់ តែមិនស្លាប់ទេ
19. ហើយប្រសិនបើអ្នករបួសនោះងើបដើរចេញទៅក្រៅបាន ដោយប្រើឈើច្រត់ អ្នកវាយគេមិនត្រូវទទួលទោសទេ។ ប៉ុន្តែ គាត់ត្រូវសងជំងឺចិត្ត ព្រោះអ្នករបួសមិនអាចធ្វើការបាន គឺត្រូវសងថ្លៃមើលជំងឺរបស់គេ រហូតដល់ជាសះស្បើយផងដែរ។
20. ប្រសិនបើអ្នកណាយកដំបងវាយខ្ញុំបម្រើប្រុស ឬស្រីរបស់ខ្លួន រហូតដល់ស្លាប់នៅនឹងកន្លែង នោះគាត់ត្រូវតែទទួលទោស។
21. ប្រសិនបើខ្ញុំបម្រើនោះរស់បានមួយថ្ងៃ ឬពីរថ្ងៃ ចៅហ្វាយមិនត្រូវទទួលទោសទេ ព្រោះខ្ញុំបម្រើនោះជាសម្បត្តិរបស់គាត់។