6. នោះចៅហ្វាយត្រូវនាំគេចូលទៅជិតព្រះជាម្ចាស់ ហើយឲ្យខ្ញុំបម្រើនោះឈរនៅមាត់ទ្វារ ឬផ្អែកទៅនឹងក្របទ្វារផ្ទះ រួចចៅហ្វាយយកដែកមកចោះត្រចៀកគេ។ ដូច្នេះ អ្នកនោះនឹងនៅបម្រើចៅហ្វាយរហូតតទៅ។
7. ប្រសិនបើបុរសម្នាក់លក់កូនស្រីរបស់ខ្លួនឲ្យធ្វើជាខ្ញុំបម្រើគេ នាងនឹងមិនទទួលសេរីភាពដូចខ្ញុំបម្រើឯទៀតៗទេ។
8. ប្រសិនបើចៅហ្វាយទិញនាងយកមកធ្វើជាប្រពន្ធ ហើយបែរជាលែងពេញចិត្តនឹងនាង ត្រូវឲ្យឪពុករបស់នាងលោះនាងយកទៅវិញ។ ចៅហ្វាយគ្មានសិទ្ធិលក់នាងទៅឲ្យសាសន៍ដទៃឡើយ ធ្វើដូច្នេះ ជាការបោកប្រាស់។
9. ប្រសិនបើចៅហ្វាយទិញនាងយកមកធ្វើជាប្រពន្ធរបស់កូនប្រុសខ្លួន គាត់ត្រូវប្រព្រឹត្តចំពោះនាងតាមច្បាប់សម្រាប់កូនស្រី។
10. ប្រសិនបើចៅហ្វាយយកប្រពន្ធមួយទៀត នោះគាត់មិនត្រូវកាត់បន្ថយអ្វីៗពីប្រពន្ធមុនឡើយ ទោះជាម្ហូបអាហារ សម្លៀកបំពាក់ ឬសិទ្ធិជាប្រពន្ធក្ដី។
11. ប្រសិនបើគាត់ប្រព្រឹត្តចំពោះនាង មិនត្រឹមត្រូវតាមលក្ខខណ្ឌទាំងបីនេះទេ នាងអាចទទួលសេរីភាព ហើយចាកចេញទៅដោយមិនបាច់បង់ថ្លៃអ្វីឡើយ។
12. អ្នកណាវាយមនុស្សរហូតដល់ស្លាប់ អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។
13. ប្រសិនអ្នកនោះធ្វើឲ្យគេស្លាប់ដោយអចេតនា យើងនឹងបង្កើតកន្លែងមួយ សម្រាប់ឲ្យគេរត់ទៅជ្រកកោន។
14. ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់សម្លាប់មនុស្សដោយចេតនា ទោះបីគេរត់មកជ្រកនៅអាសនៈរបស់យើងក្ដី ក៏ត្រូវយកគេចេញទៅសម្លាប់ដែរ។
15. អ្នកណាវាយមាតាបិតា អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។
16. អ្នកណាចាប់មនុស្សយកទៅលក់ ឬទុកនៅក្នុងកណ្ដាប់ដៃរបស់ខ្លួន អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។