26. ប្រសិនបើអ្នកណាវាយខ្ញុំបម្រើប្រុស ឬស្រីរបស់ខ្លួន ធ្វើឲ្យគេខ្វាក់ភ្នែកម្ខាង អ្នកនោះត្រូវតែផ្ដល់សេរីភាពឲ្យគេ ដើម្បីសងជំងឺចិត្ត ព្រោះតែភ្នែកខ្វាក់។
27. ប្រសិនបើគាត់ធ្វើឲ្យខ្ញុំបម្រើប្រុស ឬស្រីរបស់ខ្លួន បាក់ធ្មេញមួយ គាត់ត្រូវតែផ្ដល់សេរីភាពឲ្យគេ ដើម្បីសងជំងឺចិត្ត ព្រោះតែធ្មេញបាក់នោះ។
28. ប្រសិនបើគោមួយជល់មនុស្សប្រុស ឬស្រីម្នាក់ស្លាប់ ត្រូវយកដុំថ្មគប់សម្លាប់គោនោះ តែមិនត្រូវបរិភោគសាច់វាឡើយ។ រីឯម្ចាស់គោគ្មានទោសអ្វីទេ។
29. ប្រសិនបើគោនោះតែងតែដើរជល់មនុស្ស ហើយមានគេប្រាប់ម្ចាស់វា តែម្ចាស់ពុំបានយកចិត្តទុកដាក់មើលវាទេ ប្រសិនបើគោនោះជល់មនុស្ស ប្រុស ឬស្រីម្នាក់ស្លាប់ ត្រូវយកដុំថ្មគប់សម្លាប់គោនោះ រីឯម្ចាស់របស់វាក៏ត្រូវទទួលទោសដល់ស្លាប់ដែរ។
30. ប្រសិនបើគេទាមទារឲ្យម្ចាស់គោបង់ប្រាក់លោះជីវិតខ្លួន នោះគាត់ត្រូវតែបង់ប្រាក់ទាំងប៉ុន្មានដែលគេបង្គាប់។
31. ក្នុងករណីដែលគោជល់កូនប្រុស ឬកូនស្រីក្ដី ក៏ត្រូវយកច្បាប់នេះមកអនុវត្តដែរ។
32. ប្រសិនបើគោជល់ខ្ញុំបម្រើប្រុស ឬស្រី ម្ចាស់គោត្រូវតែសងប្រាក់សាមសិបដួង* ទៅឲ្យចៅហ្វាយជនរងគ្រោះ រីឯគោវិញ ត្រូវយកដុំថ្មគប់សម្លាប់ចោល។
33. ប្រសិនបើអ្នកណាទុកអណ្ដូងឲ្យនៅចំហ ឬជីកអណ្ដូង តែមិនបានគ្រប រួចមានគោ ឬលាធ្លាក់ទៅក្នុងអណ្ដូងនោះ
34. ម្ចាស់អណ្ដូងត្រូវសងតម្លៃសត្វ ជាប្រាក់ទៅឲ្យម្ចាស់សត្វ ហើយទុកគោងាប់សម្រាប់ខ្លួនឯង។
35. ប្រសិនបើគោរបស់នរណាម្នាក់ជល់គោរបស់ម្នាក់ទៀត រហូតដល់ងាប់ នោះត្រូវលក់គោដែលនៅរស់ចែកប្រាក់គ្នា ហើយយកសាច់គោងាប់ចែកគ្នាដែរ។
36. ប៉ុន្តែ ប្រសិនបើម្ចាស់ដឹងថា គោរបស់ខ្លួនធ្លាប់ជល់គេ តែគាត់មិនយកចិត្តទុកដាក់មើលវាទេ ម្ចាស់គោត្រូវតែសងគោមួយទៀតជំនួសគោដែលងាប់នោះ ហើយទុកគោងាប់សម្រាប់ខ្លួនឯង។