1. នេះជាវិន័យផ្សេងៗដែលអ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែលឲ្យអនុវត្តតាម:
2. ប្រសិនបើអ្នកទិញជនជាតិហេប្រឺម្នាក់មកធ្វើជាខ្ញុំបម្រើ គេនឹងបម្រើអ្នកអស់រយៈពេលប្រាំមួយឆ្នាំ។ នៅឆ្នាំទីប្រាំពីរ គេនឹងមានសេរីភាពចាកចេញពីអ្នកទៅ ដោយមិនបាច់បង់ថ្លៃអ្វីទាំងអស់។
3. បើខ្ញុំបម្រើនោះមកតែម្នាក់ឯង គេត្រូវចាកចេញទៅតែម្នាក់ឯង ប៉ុន្តែ ប្រសិនបើគេមានប្រពន្ធមកជាមួយ គេត្រូវចាកចេញទៅជាមួយប្រពន្ធដែរ។
4. ប្រសិនបើចៅហ្វាយរបស់គេរកប្រពន្ធឲ្យ ហើយប្រពន្ធនោះមានកូនប្រុស ឬកូនស្រី នោះប្រពន្ធ និងកូនប្រុសកូនស្រីរបស់គេ ត្រូវតែនៅបម្រើចៅហ្វាយ ហើយបុរសនោះត្រូវចាកចេញទៅតែម្នាក់ឯង។
5. ប៉ុន្តែ ប្រសិនបើខ្ញុំបម្រើប្រកាសថា ខ្ញុំស្រឡាញ់ចៅហ្វាយ ព្រមទាំងប្រពន្ធកូនរបស់ខ្ញុំ ខ្ញុំមិនចង់បានសេរីភាពទេ
6. នោះចៅហ្វាយត្រូវនាំគេចូលទៅជិតព្រះជាម្ចាស់ ហើយឲ្យខ្ញុំបម្រើនោះឈរនៅមាត់ទ្វារ ឬផ្អែកទៅនឹងក្របទ្វារផ្ទះ រួចចៅហ្វាយយកដែកមកចោះត្រចៀកគេ។ ដូច្នេះ អ្នកនោះនឹងនៅបម្រើចៅហ្វាយរហូតតទៅ។
7. ប្រសិនបើបុរសម្នាក់លក់កូនស្រីរបស់ខ្លួនឲ្យធ្វើជាខ្ញុំបម្រើគេ នាងនឹងមិនទទួលសេរីភាពដូចខ្ញុំបម្រើឯទៀតៗទេ។
8. ប្រសិនបើចៅហ្វាយទិញនាងយកមកធ្វើជាប្រពន្ធ ហើយបែរជាលែងពេញចិត្តនឹងនាង ត្រូវឲ្យឪពុករបស់នាងលោះនាងយកទៅវិញ។ ចៅហ្វាយគ្មានសិទ្ធិលក់នាងទៅឲ្យសាសន៍ដទៃឡើយ ធ្វើដូច្នេះ ជាការបោកប្រាស់។
9. ប្រសិនបើចៅហ្វាយទិញនាងយកមកធ្វើជាប្រពន្ធរបស់កូនប្រុសខ្លួន គាត់ត្រូវប្រព្រឹត្តចំពោះនាងតាមច្បាប់សម្រាប់កូនស្រី។
10. ប្រសិនបើចៅហ្វាយយកប្រពន្ធមួយទៀត នោះគាត់មិនត្រូវកាត់បន្ថយអ្វីៗពីប្រពន្ធមុនឡើយ ទោះជាម្ហូបអាហារ សម្លៀកបំពាក់ ឬសិទ្ធិជាប្រពន្ធក្ដី។