12. ចូរគោរពមាតាបិតារបស់អ្នក ដើម្បីឲ្យអ្នកមានអាយុយឺនយូរ នៅលើដីដែលព្រះអម្ចាស់ជាព្រះនៃអ្នក ប្រទានដល់អ្នក។
13. កុំសម្លាប់មនុស្ស។
14. កុំប្រព្រឹត្តអំពើផិតក្បត់។
15. កុំលួចប្លន់គេ។
16. កុំធ្វើសាក្សីក្លែងក្លាយ ដែលនាំឲ្យអ្នកដទៃមានទោស។
17. កុំលោភលន់ចង់បានផ្ទះរបស់អ្នកដទៃ កុំលោភលន់ចង់បានប្រពន្ធគេ ឬក៏លោភលន់ចង់បានអ្នកបម្រើប្រុស អ្នកបម្រើស្រី គោ លា ឬអ្វីផ្សេងទៀតដែលជារបស់គេឡើយ»។
18. ប្រជាជនទាំងមូលបានឮស្នូរផ្គរលាន់ និងសំឡេងត្រែ ព្រមទាំងឃើញផ្លេកបន្ទោរ និងផ្សែងហុយឡើងពីភ្នំ។ ពួកគេភ័យញ័ររន្ធត់ ហើយឈរពីចម្ងាយ។
19. ពួកគេពោលទៅកាន់លោកម៉ូសេថា៖ «សូមលោកមានប្រសាសន៍មកយើងខ្ញុំផ្ទាល់ចុះ យើងខ្ញុំនឹងស្ដាប់លោក។ ប៉ុន្តែ សូមកុំឲ្យព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់យើងខ្ញុំឡើយ ក្រែងលោយើងខ្ញុំត្រូវស្លាប់»។
20. លោកម៉ូសេឆ្លើយទៅពួកគេវិញថា៖ «កុំខ្លាចអ្វីឡើយ! ព្រះជាម្ចាស់យាងមកដូច្នេះ ដើម្បីល្បងលអ្នករាល់គ្នា និងឲ្យអ្នករាល់គ្នាគោរពកោតខ្លាចព្រះអង្គ កុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប»។
21. ប្រជាជនឈរពីចម្ងាយ រីឯលោកម៉ូសេវិញ លោកចូលទៅជិតដុំពពកដ៏ក្រាស់ ជាកន្លែងដែលព្រះជាម្ចាស់គង់នៅ។
22. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូចតទៅ: អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកថា យើងនិយាយជាមួយអ្នករាល់គ្នាពីលើមេឃមក។
23. អ្នករាល់គ្នាមិនត្រូវយកមាស ឬប្រាក់ មកធ្វើជារូបព្រះសម្រាប់ថ្វាយបង្គំ ដូចថ្វាយបង្គំយើងឡើយ។
24. ចូរសង់អាសនៈមួយអំពីដីសម្រាប់យើង។ ចូរយកចៀម និងគោ មកថ្វាយជាតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព* នៅលើអាសនៈនោះ។ យើងនឹងមកឲ្យពរអ្នកគ្រប់ទីកន្លែង ដែលយើងបង្ហាញឲ្យអ្នកស្គាល់នាមយើង។
25. ប្រសិនបើអ្នកសង់អាសនៈអំពីថ្ម នោះមិនត្រូវប្រើថ្មដាប់ឡើយ ដ្បិតពេលអ្នកប្រើពន្លាកដាប់ អ្នកនឹងធ្វើឲ្យថ្មទាំងនោះទៅជារបស់មិនវិសុទ្ធ។
26. មិនត្រូវសង់អាសនៈដែលមានកាំជណ្ដើរឡើយ ដើម្បីកុំឲ្យគេឃើញកេរខ្មាសរបស់អ្នក នៅពេលឡើងកាំជណ្ដើរនោះ»។