6. ព្រះនាងបើកគម្របឡើង ឃើញទារកមួយកំពុងយំ។ ព្រះនាងមានព្រះហឫទ័យអាណិត ហើយមានសវនីយ៍ថា៖ «ទារកនេះជាកូនរបស់ពួកហេប្រឺ!»។
7. បងស្រីរបស់ទារកចូលមក ហើយទូលបុត្រីព្រះចៅផារ៉ោនថា៖ «តើព្រះនាងចង់ឲ្យខ្ញុំម្ចាស់ទៅរកមេដោះ ក្នុងចំណោមស្ត្រីជាតិហេប្រឺ មកបំបៅកូននេះថ្វាយព្រះនាងឬទេ?»។
8. បុត្រីព្រះចៅផារ៉ោនឆ្លើយថា៖ «ទៅចុះ!»។ នាងក៏រត់ទៅហៅម្ដាយទារកនោះមក។
9. បុត្រីព្រះចៅផារ៉ោនមានសវនីយ៍ទៅកាន់គាត់ថា៖ «ចូរយកកូននេះទៅបំបៅឲ្យខ្ញុំផង ខ្ញុំនឹងឲ្យប្រាក់ឈ្នួលអ្នក»។ ម្ដាយក៏យកកូនទៅបំបៅនៅផ្ទះ។
10. លុះដល់កុមារនេះមានវ័យធំបន្តិច ម្ដាយក៏នាំកូនទៅថ្វាយបុត្រីព្រះចៅផារ៉ោនវិញ។ ព្រះនាងបានចាត់ទុកកុមារនេះដូចបុត្របង្កើត។ ព្រះនាងដាក់ឈ្មោះថា «ម៉ូសេ» ដោយមានសវនីយ៍ថា៖ «ខ្ញុំបានស្រង់កូននេះចេញពីទឹកមក»។
11. នៅគ្រានោះ លោកម៉ូសេពេញវ័យហើយ។ លោកចេញទៅសួរសុខទុក្ខបងប្អូនរួមជាតិរបស់លោក ហើយឃើញពួកគេធ្វើការយ៉ាងធ្ងន់ធ្ងរ។ លោកក៏ឃើញជនជាតិអេស៊ីបម្នាក់ កំពុងតែវាយដំជនជាតិហេប្រឺម្នាក់ ក្នុងចំណោមបងប្អូនរួមជាតិរបស់លោកដែរ។
12. លោកងាកមើលឆ្វេងស្ដាំ ឥតឃើញមាននរណា ក៏ស្ទុះទៅសម្លាប់ជនជាតិអេស៊ីបនោះ ហើយកប់ចោលក្នុងខ្សាច់។