10. លុះដល់កុមារនេះមានវ័យធំបន្តិច ម្ដាយក៏នាំកូនទៅថ្វាយបុត្រីព្រះចៅផារ៉ោនវិញ។ ព្រះនាងបានចាត់ទុកកុមារនេះដូចបុត្របង្កើត។ ព្រះនាងដាក់ឈ្មោះថា «ម៉ូសេ» ដោយមានសវនីយ៍ថា៖ «ខ្ញុំបានស្រង់កូននេះចេញពីទឹកមក»។
11. នៅគ្រានោះ លោកម៉ូសេពេញវ័យហើយ។ លោកចេញទៅសួរសុខទុក្ខបងប្អូនរួមជាតិរបស់លោក ហើយឃើញពួកគេធ្វើការយ៉ាងធ្ងន់ធ្ងរ។ លោកក៏ឃើញជនជាតិអេស៊ីបម្នាក់ កំពុងតែវាយដំជនជាតិហេប្រឺម្នាក់ ក្នុងចំណោមបងប្អូនរួមជាតិរបស់លោកដែរ។
12. លោកងាកមើលឆ្វេងស្ដាំ ឥតឃើញមាននរណា ក៏ស្ទុះទៅសម្លាប់ជនជាតិអេស៊ីបនោះ ហើយកប់ចោលក្នុងខ្សាច់។
13. នៅថ្ងៃបន្ទាប់ លោកចេញទៅម្ដងទៀត ឃើញជនជាតិហេប្រឺពីរនាក់កំពុងវាយតប់គ្នា។ លោកសួរអ្នកមានកំហុសថា៖ «ហេតុអ្វីបានជាអ្នកវាយបងប្អូនឯងដូច្នេះ?»។
14. អ្នកនោះឆ្លើយតបថា៖ «នរណាបានតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមរបស់យើង? តើអ្នកគិតសម្លាប់ខ្ញុំ ដូចសម្លាប់ជនជាតិអេស៊ីបម្នាក់នោះដែរឬ?»។ លោកម៉ូសេភិតភ័យយ៉ាងខ្លាំង ហើយនឹកគិតថា៖ «រឿងនេះប្រាកដជាគេដឹងអស់ហើយ»។
15. ព្រះចៅផារ៉ោនក៏ជ្រាបរឿងនេះដែរ ហើយស្ដេចរកមធ្យោបាយសម្លាប់លោកម៉ូសេ តែលោកម៉ូសេដឹងខ្លួនទាន់ ក៏រត់គេចពីព្រះចៅផារ៉ោនទៅនៅស្រុកម៉ាឌាន។ លោកអង្គុយនៅក្បែរអណ្ដូងទឹក។
16. លោកបូជាចារ្យនៅស្រុកម៉ាឌានមានកូនស្រីប្រាំពីរនាក់។ នាងនាំគ្នាមកដងទឹកបំពេញស្នូកឲ្យហ្វូងសត្វរបស់ឪពុកនាងផឹក។
17. ប៉ុន្តែ មានពួកគង្វាលមកដេញពួកនាង។ ពេលនោះ លោកម៉ូសេក្រោកឡើង ជួយពួកនាង ព្រមទាំងដងទឹកឲ្យហ្វូងសត្វរបស់ពួកនាងផឹកទៀតផង។