9. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងមករកអ្នក ដោយស្ថិតនៅក្នុងផ្ទាំងពពក*យ៉ាងក្រាស់ ដើម្បីឲ្យប្រជាជនឮយើងនិយាយជាមួយអ្នក ហើយទុកចិត្តលើអ្នកជារៀងរហូត»។ លោកម៉ូសេក៏រៀបរាប់ចម្លើយរបស់ប្រជាជន ទូលថ្វាយព្រះអម្ចាស់។
10. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរវិលទៅរកប្រជាជនវិញ ហើយប្រាប់ពួកគេឲ្យញែកខ្លួនឲ្យបានវិសុទ្ធ នៅថ្ងៃនេះ និងថ្ងៃស្អែក។ ចូរឲ្យពួកគេលាងជម្រះសម្លៀកបំពាក់ផងដែរ។
11. ត្រូវឲ្យពួកគេត្រៀមខ្លួនជាស្រេច នៅថ្ងៃទីបី ដ្បិតថ្ងៃនោះ យើងនឹងចុះទៅលើភ្នំស៊ីណៃ ឲ្យប្រជាជនទាំងអស់ឃើញ។
12. ត្រូវកំណត់ព្រំដែនជុំវិញភ្នំ ហើយប្រាប់ប្រជាជនថា ចូរប្រយ័ត្ន កុំឡើងទៅលើភ្នំ ឬប៉ះពាល់ជើងភ្នំជាដាច់ខាត។ បើអ្នកណាប៉ះភ្នំ អ្នកនោះនឹងត្រូវស្លាប់
13. ទោះជាមនុស្ស ឬសត្វក្ដី ក៏មិនត្រូវទុកឲ្យនៅរស់ដែរ។ កុំប៉ះពាល់អ្នកនោះឡើយ តែត្រូវសម្លាប់គេ ដោយយកដុំថ្មគប់ ឬបាញ់នឹងព្រួញវិញ។ នៅពេលឮសូរសំឡេងស្នែង នោះទើបអ្នកខ្លះអាចឡើងទៅលើភ្នំបាន»។
14. លោកម៉ូសេចុះពីលើភ្នំមករកប្រជាជនវិញ លោកញែកពួកគេឲ្យបានវិសុទ្ធ ហើយឲ្យពួកគេបោកសម្លៀកបំពាក់ផងដែរ។
15. លោកមានប្រសាសន៍ទៅប្រជាជនថា៖ «ចូររៀបចំខ្លួនសម្រាប់ថ្ងៃទីបី ហើយកុំរួមដំណេកជាមួយប្រពន្ធឡើយ»។
16. នៅថ្ងៃទីបី ពេលព្រលឹមស្រាងៗ មានផ្គរលាន់ ផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ហើយមានសំឡេងត្រែលាន់ឮឡើងយ៉ាងរំពងទៀតផង។ ប្រជាជនទាំងអស់នៅក្នុងជំរំភ័យញ័ររន្ធត់យ៉ាងខ្លាំង។
17. លោកម៉ូសេនាំប្រជាជនចេញពីជំរំទៅគាល់ព្រះជាម្ចាស់ ពួកគេឈរនៅជើងភ្នំ។