1. នៅថ្ងៃទីមួយនៃខែទីបី ក្រោយពេលចាកចេញពីស្រុកអេស៊ីប គឺនៅថ្ងៃនេះ ជនជាតិអ៊ីស្រាអែលបានទៅដល់វាលរហោស្ថានស៊ីណៃ។
2. ពួកគេចេញពីរេផិឌីមទៅដល់វាលរហោស្ថានស៊ីណៃ ហើយបោះជំរំនៅទីនោះ ទល់មុខនឹងភ្នំស៊ីណៃ។
3. លោកម៉ូសេបានឡើងទៅគាល់ព្រះជាម្ចាស់។ ព្រះអម្ចាស់ហៅលោកម៉ូសេពីលើភ្នំមកថា៖ «អ្នកត្រូវប្រកាសប្រាប់ជនជាតិអ៊ីស្រាអែល ជាកូនចៅរបស់លោកយ៉ាកុបដូចតទៅ:
4. អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកនូវហេតុការណ៍ ដែលយើងធ្វើចំពោះជនជាតិអេស៊ីប ហើយយើងបាននាំអ្នករាល់គ្នា ដូចជាសត្វឥន្ទ្រីដាក់កូននៅលើខ្នងវា មករកយើង។
5. ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាស្ដាប់តាមពាក្យរបស់យើង ប្រសិនបើអ្នករាល់គ្នាគោរពសម្ពន្ធមេត្រីរបស់យើង នោះអ្នករាល់គ្នានឹងទៅជាប្រជារាស្ត្ររបស់យើងផ្ទាល់ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជាកម្មសិទ្ធិរបស់យើង។
6. យើងចាត់ទុកអ្នករាល់គ្នាជាអាណាចក្របូជាចារ្យ ហើយអ្នករាល់គ្នាជាប្រជាជាតិដ៏វិសុទ្ធ។ នេះជាសេចក្ដីដែលអ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែល»។
7. លោកម៉ូសេត្រឡប់មកវិញ កោះហៅពួកព្រឹទ្ធាចារ្យរបស់ប្រជាជន ហើយរៀបរាប់ប្រាប់នូវព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់លោក។
8. ប្រជាជនទាំងមូលក៏ឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូល»។ លោកម៉ូសេនាំយកចម្លើយរបស់ពួកគេ ទៅទូលថ្វាយព្រះអម្ចាស់វិញ។