9. លោកយេត្រូមានចិត្តរីករាយចំពោះការល្អទាំងប៉ុន្មានដែលព្រះអម្ចាស់បានធ្វើ ដើម្បីរំដោះអ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។
10. លោកពោលថា៖ «សូមសរសើរតម្កើងព្រះអម្ចាស់ ដែលបានរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប និងស្ដេចផារ៉ោន។
11. ឥឡូវនេះ ខ្ញុំទទួលស្គាល់ថា ព្រះអម្ចាស់ ជាព្រះដ៏ធំឧត្ដមលើសព្រះទាំងអស់ គឺព្រះអង្គរំដោះជនជាតិអ៊ីស្រាអែល នៅពេលដែលជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិន»។
12. លោកយេត្រូ ជាឪពុកក្មេករបស់លោកម៉ូសេ យកតង្វាយដុតទាំងមូល* និងយញ្ញបូជាឯទៀតៗថ្វាយព្រះជាម្ចាស់។ លោកអើរ៉ុន និងព្រឹទ្ធាចារ្យអ៊ីស្រាអែលទាំងអស់ ក៏នាំគ្នាបរិភោគអាហារជាមួយឪពុកក្មេករបស់លោកម៉ូសេ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ដែរ។
13. លុះស្អែកឡើង លោកម៉ូសេអង្គុយកាត់ក្ដីឲ្យប្រជាជន។ ប្រជាជននាំគ្នាឈរនៅមុខលោកតាំងពីព្រឹករហូតដល់ល្ងាច។
14. ឪពុកក្មេករបស់លោកម៉ូសេឃើញការទាំងអស់ ដែលលោកធ្វើចំពោះប្រជាជន គាត់ក៏ពោលថា៖ «ម្ដេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីបានជាកូនអង្គុយកាត់ក្ដីតែម្នាក់ឯង ទុកឲ្យប្រជាជនឈរចាំនៅមុខកូន តាំងពីព្រឹកដល់ល្ងាចបែបនេះ?»។
15. លោកម៉ូសេតបទៅគាត់វិញថា៖ «ប្រជាជនទាំងនេះមករកខ្ញុំ ដើម្បីទូលសួរព្រះជាម្ចាស់។
16. នៅពេលមានវិវាទនឹងគ្នា ពួកគេមករកខ្ញុំ។ ខ្ញុំដោះស្រាយរឿងពួកគេ ហើយណែនាំពួកគេឲ្យស្គាល់ច្បាប់ និងក្រឹត្យវិន័យ*របស់ព្រះជាម្ចាស់»។
17. ឪពុកក្មេកមានប្រសាសន៍មកលោកម៉ូសេទៀតថា៖ «របៀបដែលកូនធ្វើនេះ មិនល្អទេ!
18. ធ្វើដូច្នេះនាំឲ្យកូន និងប្រជាជនដែលនៅជាមួយនឿយហត់ទាំងអស់គ្នា។ ការងារនេះធ្ងន់ធ្ងរពេក កូនមិនអាចធ្វើតែម្នាក់ឯងទេ។
19. ឥឡូវនេះ ចូរស្ដាប់ដំបូន្មានរបស់ពុក ហើយសូមព្រះជាម្ចាស់គង់ជាមួយកូន! ចូរកូនធ្វើជាតំណាងរបស់ប្រជាជន នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ចូរយករឿងរ៉ាវរបស់ពួកគេទៅទូលថ្វាយព្រះអង្គ។
20. ចូរបង្រៀនពួកគេ អំពីច្បាប់ និងវិន័យទាំងឡាយ ហើយបង្ហាញមាគ៌ាដែលពួកគេត្រូវដើរតាម និងកិច្ចការដែលពួកគេត្រូវធ្វើ។
21. ត្រូវជ្រើសរើសមនុស្សដែលមានសមត្ថភាព ពីក្នុងចំណោមប្រជាជន ជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ជាអ្នកគួរឲ្យទុកចិត្ត មិនចេះស៊ីសំណូក។ ចូរតែងតាំងពួកគេឲ្យធ្វើជាមេក្រុមលើមនុស្សមួយពាន់នាក់ មេក្រុមលើមនុស្សមួយរយនាក់ មេក្រុមលើមនុស្សហាសិបនាក់ និងមេក្រុមលើមនុស្សដប់នាក់។
22. អ្នកទាំងនោះត្រូវកាត់ក្ដីឲ្យប្រជាជនគ្រប់ពេលវេលា។ កិច្ចការណាសំខាន់ៗឲ្យពួកគេបញ្ជូនមកកូនចុះ រីឯកិច្ចការតូចតាច ទុកឲ្យពួកគេកាត់ក្ដីខ្លួនឯងទៅ។ ធ្វើដូច្នេះ កូនអាចសម្រាលការងារ ដោយឲ្យពួកគេជួយរំលែកបន្ទុករបស់កូន។