និក្ខមនំ 18:2-14 Khmer Standard Version (KHSV)

2. លោក​យេត្រូ ជា​ឪពុក​ក្មេក ក៏​នាំ​លោក​ស្រី​សេផូ‌រ៉ា ជា​ភរិយា​របស់​លោក​ម៉ូសេ ដែល​លោក​ម៉ូសេ​បាន​ឲ្យ​ត្រឡប់​ទៅ​ស្រុក​វិញ

3. ព្រម​ទាំង​កូន​ប្រុស​របស់​លោក​ទាំង​ពីរ​នាក់​មក​ជា​មួយ​ដែរ។ កូន​ប្រុស​ច្បង​ឈ្មោះ គើ‌សម ដ្បិត​លោក​ម៉ូសេ​គិត​ថា ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ដទៃ។

4. ចំណែក​កូន​ប្អូន មាន​ឈ្មោះ​ថា​អេលា‌ស៊ើរ ដ្បិត​លោក​ម៉ូសេ​គិត​ថា ព្រះ​របស់​ឪពុក​ខ្ញុំ​បាន​ជួយ​ខ្ញុំ ព្រះ‌អង្គ​បាន​ការពារ​ខ្ញុំ​ឲ្យ​រួច​ពី​មុខ​ដាវ​របស់​ស្ដេច​ផារ៉ោន។

5. លោក​យេត្រូ​ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ បាន​ធ្វើ​ដំណើរ​ជា​មួយ​កូន​ប្រុស​ទាំង​ពីរ និង​ភរិយា​របស់​លោក​ម៉ូសេ ដើម្បី​មក​ជួប​លោក​ម៉ូសេ​នៅ​វាល​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​លោក​បោះ​ជំរំ នៅ​ភ្នំ​របស់​ព្រះ‌ជាម្ចាស់។

6. លោក​យេត្រូ​ឲ្យ​គេ​មក​ប្រាប់​លោក​ម៉ូសេ​ថា៖ «ខ្ញុំ​ជា​ឪពុក​ក្មេក បាន​នាំ​ប្រពន្ធ និង​កូន​ប្រុស​ទាំង​ពីរ មក​ជួប​លោក»។

7. លោក​ម៉ូសេ​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ទាំង​ក្រាប​សំពះ​លោក ហើយ​ថើប​លោក​ទៀត​ផង។ ពួក​គេ​សួរ​សុខ​ទុក្ខ​គ្នា រួច​ចូល​ទៅ​ក្នុង​ជំរំ។

8. លោក​ម៉ូសេ​រៀប​រាប់​ប្រាប់​ឪពុក​ក្មេក​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ​ចំពោះ​ព្រះចៅ​ផារ៉ោន និង​ជន‌ជាតិ​អេស៊ីប ដើម្បី​ជួយ​អ៊ីស្រា‌អែល។ លោក​ក៏​រៀប​រាប់​អំពី​ការ​ដែល​ព្រះ‌អម្ចាស់​បាន​ជួយ​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ជួប​ប្រទះ​នៅ​តាម​ផ្លូវ។

9. លោក​យេត្រូ​មាន​ចិត្ត​រីក‌រាយ​ចំពោះ​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ ដើម្បី​រំដោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប។

10. លោក​ពោល​ថា៖ «សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដែល​បាន​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប និង​ស្ដេច​ផារ៉ោន។

11. ឥឡូវ​នេះ ខ្ញុំ​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ធំ​ឧត្ដម​លើស​ព្រះ​ទាំង​អស់ គឺ​ព្រះ‌អង្គ​រំដោះ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ពេល​ដែល​ជន‌ជាតិ​អេស៊ីប​ជិះ‌ជាន់​សង្កត់‌សង្កិន»។

12. លោក​យេត្រូ ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ យក​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញ‌បូជា​ឯ​ទៀតៗ​ថ្វាយ​ព្រះ‌ជាម្ចាស់។ លោក​អើរ៉ុន និង​ព្រឹទ្ធា‌ចារ្យ​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​នាំ​គ្នា​បរិភោគ​អាហារ​ជា​មួយ​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ដែរ។

13. លុះ​ស្អែក​ឡើង លោក​ម៉ូសេ​អង្គុយ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន។ ប្រជា‌ជន​នាំ​គ្នា​ឈរ​នៅ​មុខ​លោក​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច។

14. ឪពុក​ក្មេក​របស់​លោក​ម៉ូសេ​ឃើញ​ការ​ទាំង​អស់ ដែល​លោក​ធ្វើ​ចំពោះ​ប្រជា‌ជន គាត់​ក៏​ពោល​ថា៖ «ម្ដេច​ក៏​កូន​ធ្វើ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​កូន​អង្គុយ​កាត់​ក្ដី​តែ​ម្នាក់​ឯង ទុក​ឲ្យ​ប្រជា‌ជន​ឈរ​ចាំ​នៅ​មុខ​កូន តាំង​ពី​ព្រឹក​ដល់​ល្ងាច​បែប​នេះ?»។

និក្ខមនំ 18