1. លោកយេត្រូជាបូជាចារ្យនៅស្រុកម៉ាឌាន ហើយត្រូវជាឪពុកក្មេករបស់លោកម៉ូសេ ឮគេនិយាយពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើចំពោះលោកម៉ូសេ និងអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់ព្រះអង្គ គឺព្រះអម្ចាស់បាននាំពួកគេចេញពីស្រុកអេស៊ីប។
2. លោកយេត្រូ ជាឪពុកក្មេក ក៏នាំលោកស្រីសេផូរ៉ា ជាភរិយារបស់លោកម៉ូសេ ដែលលោកម៉ូសេបានឲ្យត្រឡប់ទៅស្រុកវិញ
3. ព្រមទាំងកូនប្រុសរបស់លោកទាំងពីរនាក់មកជាមួយដែរ។ កូនប្រុសច្បងឈ្មោះ គើសម ដ្បិតលោកម៉ូសេគិតថា ខ្ញុំជាជនបរទេសដែលរស់នៅក្នុងស្រុកដទៃ។
4. ចំណែកកូនប្អូន មានឈ្មោះថាអេលាស៊ើរ ដ្បិតលោកម៉ូសេគិតថា ព្រះរបស់ឪពុកខ្ញុំបានជួយខ្ញុំ ព្រះអង្គបានការពារខ្ញុំឲ្យរួចពីមុខដាវរបស់ស្ដេចផារ៉ោន។
5. លោកយេត្រូជាឪពុកក្មេករបស់លោកម៉ូសេ បានធ្វើដំណើរជាមួយកូនប្រុសទាំងពីរ និងភរិយារបស់លោកម៉ូសេ ដើម្បីមកជួបលោកម៉ូសេនៅវាលរហោស្ថាន ត្រង់កន្លែងដែលលោកបោះជំរំ នៅភ្នំរបស់ព្រះជាម្ចាស់។
6. លោកយេត្រូឲ្យគេមកប្រាប់លោកម៉ូសេថា៖ «ខ្ញុំជាឪពុកក្មេក បាននាំប្រពន្ធ និងកូនប្រុសទាំងពីរ មកជួបលោក»។
7. លោកម៉ូសេចេញទៅទទួលឪពុកក្មេក ទាំងក្រាបសំពះលោក ហើយថើបលោកទៀតផង។ ពួកគេសួរសុខទុក្ខគ្នា រួចចូលទៅក្នុងជំរំ។
8. លោកម៉ូសេរៀបរាប់ប្រាប់ឪពុកក្មេកអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានធ្វើចំពោះព្រះចៅផារ៉ោន និងជនជាតិអេស៊ីប ដើម្បីជួយអ៊ីស្រាអែល។ លោកក៏រៀបរាប់អំពីការដែលព្រះអម្ចាស់បានជួយប្រជាជនអ៊ីស្រាអែល ឲ្យរួចពីទុក្ខលំបាកទាំងប៉ុន្មាន ដែលពួកគេជួបប្រទះនៅតាមផ្លូវ។