5. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេវិញថា៖ «ចូរដើរទៅខាងមុខប្រជាជន ដោយនាំពួកព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែលទៅជាមួយ ហើយកាន់ដំបង ដែលអ្នកវាយទឹកទន្លេនីល ទៅជាមួយផង។
6. នៅទីនោះ យើងនឹងឈរពីមុខអ្នក លើផ្ទាំងថ្មមួយនៅភ្នំហោរ៉ែប។ ចូរវាយផ្ទាំងថ្មនោះ ទឹកនឹងហូរចេញមកសម្រាប់ប្រជាជនបរិភោគ»។ លោកម៉ូសេក៏ធ្វើតាម នៅចំពោះមុខព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែល។
7. លោកដាក់ឈ្មោះកន្លែងនោះថា ម៉ាសា និងមេរីបា ដ្បិតជនជាតិអ៊ីស្រាអែលរករឿងឈ្លោះនឹងលោកម៉ូសេ ព្រមទាំងល្បងលព្រះអម្ចាស់ ដោយពោលថា «តើព្រះអម្ចាស់គង់ក្នុងចំណោមពួកយើងមែន ឬមិនមែន?»។
8. ជនជាតិអាម៉ាឡេកនាំគ្នាមកវាយជនជាតិអ៊ីស្រាអែលនៅរេផិឌីម។
9. លោកម៉ូសេពោលទៅកាន់លោកយ៉ូស្វេថា៖ «ចូរជ្រើសរើសមនុស្សមួយចំនួន ហើយចេញទៅច្បាំងជាមួយជនជាតិអាម៉ាឡេកចុះ។ ស្អែក ខ្ញុំនឹងឡើងទៅឈរលើកំពូលភ្នំ ទាំងកាន់ដំបងរបស់ព្រះជាម្ចាស់»។
10. លោកយ៉ូស្វេក៏ចេញទៅប្រយុទ្ធជាមួយជនជាតិអាម៉ាឡេក តាមបង្គាប់របស់លោកម៉ូសេ។ ចំណែកលោកម៉ូសេ លោកអើរ៉ុន និងលោកហ៊ើរ ក៏នាំគ្នាឡើងទៅលើកំពូលភ្នំ។
11. កាលណាលោកម៉ូសេលើកដៃឡើងលើ ជនជាតិអ៊ីស្រាអែលមានប្រៀបជាង ប៉ុន្តែ កាលណាលោកទម្លាក់ដៃចុះ ជនជាតិអាម៉ាឡេកមានប្រៀបជាង។