9. លោកម៉ូសេប្រាប់លោកអើរ៉ុនថា៖ «សូមបង្គាប់សហគមន៍អ៊ីស្រាអែលទាំងមូល ឲ្យចូលមកគាល់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្ដាប់ឮពាក្យរអ៊ូរទាំរបស់ពួកគេហើយ»។
10. នៅពេលលោកអើរ៉ុនកំពុងតែមានប្រសាសន៍ទៅកាន់សហគមន៍អ៊ីស្រាអែលទាំងមូល ពួកគេនាំគ្នាបែរមើលទៅវាលរហោស្ថាន ឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកនៅក្នុងពពក។
11. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
12. «យើងបានឮពាក្យរអ៊ូរទាំរបស់ជនជាតិអ៊ីស្រាអែលហើយ ចូរប្រាប់ពួកគេដូចតទៅ: នៅពេលព្រលប់ អ្នករាល់គ្នានឹងបរិភោគសាច់ ហើយនៅពេលព្រឹកអ្នករាល់គ្នានឹងមាននំប៉័ងបរិភោគយ៉ាងបរិបូណ៌។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។
13. ពេលល្ងាច មានសត្វក្រួចហើរមកពាសពេញជំរំ ហើយព្រលឹមឡើង មានសន្សើមធ្លាក់ជុំវិញជំរំផង។
14. នៅពេលសន្សើមស្ងួត មានគ្រាប់ល្អិតៗដូចព្រឹល នៅពាសពេញវាលរហោស្ថាន។
15. ឃើញដូច្នេះ ជនជាតិអ៊ីស្រាអែលសួរគ្នាទៅវិញទៅមកថា «នេះជាអ្វី?» ដ្បិតពួកគេមិនដឹងថាជាអ្វីទេ។ លោកម៉ូសេប្រាប់ពួកគេថា៖ «នេះជាអាហារដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នាបរិភោគ។
16. ព្រះអម្ចាស់បានបង្គាប់ថា: ចូរនាំគ្នារើសអាហារនេះ ល្មមដែលអ្នករាល់គ្នាអាចបរិភោគឆ្អែត។ ត្រូវរើសតាមចំនួនមនុស្សដែលស្ថិតនៅក្នុងគ្រួសាររបស់ខ្លួន គឺមួយកូនល្អីសម្រាប់ម្នាក់»។
17. ជនជាតិអ៊ីស្រាអែលក៏ធ្វើតាម ពួកគេរើសអាហារ អ្នកខ្លះរើសបានច្រើន ហើយអ្នកខ្លះទៀតបានតិច។
18. បន្ទាប់មក ពួកគេយកអាហារនោះទៅវាល់ អស់អ្នកដែលរើសបានច្រើន ក៏មិនបានលើសគេ ហើយអស់អ្នកដែលរើសបានតិច ក៏មិនខ្វះដែរ គឺម្នាក់ៗទទួលអាហារល្មមដែលខ្លួនត្រូវការប៉ុណ្ណោះ។