24. ដូច្នេះ ពួកគេទុកអាហាររហូតដល់ព្រឹកស្អែក តាមបង្គាប់របស់លោកម៉ូសេ។ អាហារទាំងនោះពុំមានស្អុយរលួយ ឬមានដង្កូវចោះឡើយ។
25. លោកម៉ូសេមានប្រសាសន៍ថា៖ «ថ្ងៃនេះ ចូរបរិភោគអាហារទាំងនេះចុះ ដ្បិតថ្ងៃនេះជាថ្ងៃសប្ប័ទ សម្រាប់គោរពព្រះអម្ចាស់។ ថ្ងៃនេះ អ្នករាល់គ្នានឹងពុំឃើញមានអ្វីនៅខាងក្រៅទេ។
26. អ្នករាល់គ្នាអាចរើសអាហារនេះក្នុងរយៈពេលប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ ដែលជាថ្ងៃសប្ប័ទនឹងគ្មានអ្វីរើសទេ»។
27. ទោះជាយ៉ាងនេះក្ដី នៅថ្ងៃទីប្រាំពីរ ក៏មានប្រជាជនខ្លះចេញពីជំរំ ដើម្បីទៅរើសអាហារ តែពួកគេរកពុំបានសោះ។
28. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើអ្នករាល់គ្នានៅតែពុំព្រមស្ដាប់បទបញ្ជា និងវិន័យ*របស់យើងដល់កាលណាទៀត?
29. ត្រូវចងចាំថា យើងជាព្រះអម្ចាស់ បានប្រគល់ថ្ងៃសប្ប័ទឲ្យអ្នករាល់គ្នា ហេតុនេះហើយបានជានៅថ្ងៃទីប្រាំមួយ យើងឲ្យអ្នករាល់គ្នាមានអាហារមួយជាពីរ។ នៅថ្ងៃទីប្រាំពីរ ម្នាក់ៗនៅក្នុងជំរំរបស់ខ្លួន គឺមិនត្រូវចេញទៅក្រៅឡើយ»។
30. ហេតុនេះ ប្រជាជននាំគ្នាឈប់សម្រាក នៅថ្ងៃទីប្រាំពីរ។
31. កូនចៅអ៊ីស្រាអែលហៅអាហារនោះថា “នំម៉ាណា”។ នំម៉ាណាមានរាងដូចជាគ្រាប់ល្ង មានពណ៌ស ព្រមទាំងមានរសជាតិដូចនំធ្វើពីទឹកឃ្មុំ។
32. លោកម៉ូសេមានប្រសាសន៍ថា៖ «ព្រះអម្ចាស់បង្គាប់ដូចតទៅ: ចូរដាក់នំម៉ាណាក្នុងភាជន៍មួយឲ្យពេញ ហើយរក្សាទុក សម្រាប់ឲ្យកូនចៅអ៊ីស្រាអែលនៅជំនាន់ក្រោយ ឃើញអាហារដែលយើងឲ្យអ្នករាល់គ្នាបរិភោគ ក្នុងវាលរហោស្ថាន នៅពេលយើងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។
33. លោកម៉ូសេប្រាប់លោកអើរ៉ុនថា៖ «ចូរយកថូមួយមក ហើយដាក់នំម៉ាណាឲ្យពេញ រួចយកថូទៅតម្កល់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដើម្បីរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយ»។
34. លោកអើរ៉ុនក៏តម្កល់ថូនៅមុខហិបនៃសម្ពន្ធមេត្រី ដើម្បីរក្សាទុក ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់លោកម៉ូសេ។