19. លោកម៉ូសេប្រាប់ពួកគេថា៖ «មិនត្រូវឲ្យនរណាម្នាក់ទុកអាហារនេះ រហូតដល់ព្រឹកស្អែកឡើយ»។
20. ប៉ុន្តែ មានអ្នកខ្លះមិនព្រមស្ដាប់តាមលោកម៉ូសេទេ គឺគេទុកអាហាររហូតដល់ព្រឹកស្អែក។ ដង្កូវក៏មកចោះអាហារទាំងនោះ ដែលបណ្ដាលឲ្យទៅជាស្អុយរលួយ។ លោកម៉ូសេខឹងនឹងពួកគេ។
21. ចាប់ពីពេលនោះមក រៀងរាល់ព្រឹក ពួកគេរើសអាហារល្មមដែលខ្លួនអាចបរិភោគឆ្អែត។ ពេលថ្ងៃរះពេញកម្ដៅ អាហារដែលនៅសល់ក៏រលាយបាត់អស់។
22. នៅថ្ងៃទីប្រាំមួយ ពួកគេរើសអាហារពីរដងច្រើនជាង គឺពីរកូនល្អីក្នុងម្នាក់ៗ។ មេដឹកនាំទាំងអស់របស់សហគមន៍មករាយការណ៍ជម្រាបលោកម៉ូសេ។
23. លោកប្រាប់ពួកគេវិញថា៖ «ព្រះអម្ចាស់បានបញ្ជាមកដូច្នេះមែន។ ស្អែកជាថ្ងៃសប្ប័ទ* ជាថ្ងៃដ៏វិសុទ្ធ*ដែលត្រូវញែកថ្វាយព្រះអម្ចាស់ ចូរចំអិនអ្វីដែលអ្នករាល់គ្នាត្រូវចំអិន ចូរស្ងោរអ្វីដែលអ្នករាល់គ្នាត្រូវស្ងោរ ហើយទុកអាហារដែលលើសរហូតព្រឹកស្អែក»។
24. ដូច្នេះ ពួកគេទុកអាហាររហូតដល់ព្រឹកស្អែក តាមបង្គាប់របស់លោកម៉ូសេ។ អាហារទាំងនោះពុំមានស្អុយរលួយ ឬមានដង្កូវចោះឡើយ។
25. លោកម៉ូសេមានប្រសាសន៍ថា៖ «ថ្ងៃនេះ ចូរបរិភោគអាហារទាំងនេះចុះ ដ្បិតថ្ងៃនេះជាថ្ងៃសប្ប័ទ សម្រាប់គោរពព្រះអម្ចាស់។ ថ្ងៃនេះ អ្នករាល់គ្នានឹងពុំឃើញមានអ្វីនៅខាងក្រៅទេ។
26. អ្នករាល់គ្នាអាចរើសអាហារនេះក្នុងរយៈពេលប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ ដែលជាថ្ងៃសប្ប័ទនឹងគ្មានអ្វីរើសទេ»។
27. ទោះជាយ៉ាងនេះក្ដី នៅថ្ងៃទីប្រាំពីរ ក៏មានប្រជាជនខ្លះចេញពីជំរំ ដើម្បីទៅរើសអាហារ តែពួកគេរកពុំបានសោះ។
28. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើអ្នករាល់គ្នានៅតែពុំព្រមស្ដាប់បទបញ្ជា និងវិន័យ*របស់យើងដល់កាលណាទៀត?