13. ពេលល្ងាច មានសត្វក្រួចហើរមកពាសពេញជំរំ ហើយព្រលឹមឡើង មានសន្សើមធ្លាក់ជុំវិញជំរំផង។
14. នៅពេលសន្សើមស្ងួត មានគ្រាប់ល្អិតៗដូចព្រឹល នៅពាសពេញវាលរហោស្ថាន។
15. ឃើញដូច្នេះ ជនជាតិអ៊ីស្រាអែលសួរគ្នាទៅវិញទៅមកថា «នេះជាអ្វី?» ដ្បិតពួកគេមិនដឹងថាជាអ្វីទេ។ លោកម៉ូសេប្រាប់ពួកគេថា៖ «នេះជាអាហារដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នាបរិភោគ។
16. ព្រះអម្ចាស់បានបង្គាប់ថា: ចូរនាំគ្នារើសអាហារនេះ ល្មមដែលអ្នករាល់គ្នាអាចបរិភោគឆ្អែត។ ត្រូវរើសតាមចំនួនមនុស្សដែលស្ថិតនៅក្នុងគ្រួសាររបស់ខ្លួន គឺមួយកូនល្អីសម្រាប់ម្នាក់»។
17. ជនជាតិអ៊ីស្រាអែលក៏ធ្វើតាម ពួកគេរើសអាហារ អ្នកខ្លះរើសបានច្រើន ហើយអ្នកខ្លះទៀតបានតិច។
18. បន្ទាប់មក ពួកគេយកអាហារនោះទៅវាល់ អស់អ្នកដែលរើសបានច្រើន ក៏មិនបានលើសគេ ហើយអស់អ្នកដែលរើសបានតិច ក៏មិនខ្វះដែរ គឺម្នាក់ៗទទួលអាហារល្មមដែលខ្លួនត្រូវការប៉ុណ្ណោះ។
19. លោកម៉ូសេប្រាប់ពួកគេថា៖ «មិនត្រូវឲ្យនរណាម្នាក់ទុកអាហារនេះ រហូតដល់ព្រឹកស្អែកឡើយ»។